រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិនបានជំរុញឱ្យប្លុកនៃប្រទេសជាសមាជិក BRICS មានការទទួលខុសត្រូវកាន់តែខ្លាំង និងបង្កើតខ្លួនឯងឲ្យផ្សារភ្ជាប់កាន់តែជ្រៅជាមួយពិភពលោក។

ក្រុមហ៊ុនចិនជាច្រើនបានប្រឈមនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញការគាំទ្ររបស់ពួកគេចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ហើយគណៈកម្មការអឺរ៉ុប គ្រោងប្រកាសការដំឡើងពន្ធនៅសប្តាហ៍នេះលើរថយន្តអគ្គិសនីឬ EV របស់ចិន ក្នុងគោលបំណងការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប។
យោងតាមប្រភពពីសារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះ ក្រុមប្រទេសប្រជាធិបតេយ្យអ្នកមានទ្រព្យសម្បតិ្តទាំងប្រាំពីរ G7 ត្រូវបានគេរំពឹងថានឹងបញ្ជូនការព្រមានដ៏ម៉ឺងម៉ាត់មួយទៅកាន់ធនាគារតូចៗរបស់ចិន ដើម្បីបញ្ឈប់ការជួយប្រទេសរុស្ស៊ីឱ្យគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

លោក Wang បាននិយាយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង នីស្នី ណូហ្គូរ៉ុត (Nizhny Novgorod)ក្នុងប្រទេសរុស្ស៊ី ដោយមិនបញ្ចេញឈ្មោះប្រទេស ថា នយោបាយនៃបញ្ហាសេដ្ឋកិច្ចបានរីកចម្រើនទន្ទឹមការដាក់ទណ្ឌកម្មឯកតោភាគី និងរនាំងខាងបច្ចេកវិទ្យា។ សុន្ទរកថារបស់លោកត្រូវបានផ្សព្វផ្សាយដោយក្រសួងរបស់របស់ចិន។

BRICS ដែលមានសមាជិក មកពីប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង និងមានបំណងទប់ទល់នឹងឥទ្ធិពលសណ្ដាប់ធ្នាប់ពិភពលោករបស់លោកខាងលិច បានពង្រីកខ្លួនដោយសមាជិកមួយចំនួនទៀត បន្ទាប់ពីអេហ្ស៊ីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី ដែលបានចូលរួមនៅដើមឆ្នាំនេះ៕