រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានដាក់កំហុសលើការដកកងទ័ព របស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការមើលស្រាលសភាពការណ៍របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានចំពោះក្រុមតាលីបង់ សម្រាប់ការឈានទៅមុខរបស់ក្រុមនេះនៅក្នុងប្រទេស។

និយាយទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានមានការស្ទាក់ស្ទើរក្នុងការចរចា ជាមួយក្រុមតាលីបង់អំពីអនាគតរបស់ប្រទេស។ លោក Lavrov បាននិយាយថា នៅក្នុងបរិបទនេះ ក្រុមតាលីបង់បានព្យាយាមដោះស្រាយស្ថានការណ៍តាមវិធីយោធា។ ពួកគេដណ្តើមបានទីក្រុង និងតំបន់កាន់តែច្រើនឡើងៗ វាជាសកម្មភាពអាក្រក់ ហើយវាមិនត្រឹមត្រូវនោះទេ។ ក្រុមតាលីបង់បានបញ្ចប់ការវាយលុក ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានរបស់ពួកគេកាលពីថ្ងៃសុក្រ ដោយដណ្តើមបានរដ្ឋធានីរបស់ខេត្តចំនួន ៤បន្ថែមទៀតនៅក្នុងការវាយប្រហារដ៏ឆាប់រហ័ស ដែលនាំឱ្យពួកគេខិតទៅកាន់តែជិតទីក្រុងកាប៊ុល រយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលសហរដ្ឋអាមេរិកកំណត់ការបញ្ចប់ជាផ្លូវការនូវសង្គ្រាម ២ទសវត្សរ៍របស់ខ្លួន។
លោក Lavrov បានស្តីបន្ទោសផងដែរ ចំពោះការដកទ័ពរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមតាលីបង់ឈានលុកលុយចូលទឹកដីនេះបន្ថែមទៀត។ លោកបាននិយាយថា ការចរចាត្រូវតែស្តារឡើងវិញ ខណៈដែលលោកបានបង្ហាញការព្រួយបារម្ភ ចំពោះប្រទេសអ៊ូសបេគីស្ថាន និងតាជីគីស្ថានប្រទេសជិតខាងអាហ្វហ្គានីស្ថាន និងសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម។ យោធាសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ទីក្រុងកាប៊ុលអាចស្ថិតនៅក្រោមសម្ពាធក្រុមបះបោរក្នុងរយៈពេល ៣០ថ្ងៃទៀត ហើយក្រុមតាលីបង់អាចវាយលុកតំបន់នៅសេសសល់ របស់ប្រទេសក្នុងរយៈពេលពីរបីខែខាងមុខ៕
អត្ថបទ៖ ប៊ុនថន