ក្រុមរដ្ឋមន្ត្រីថ្មី បានស្បថចូលកាន់តំណែង ក្នុងរដ្ឋបាលរបស់ប្រទេសហៃទី ដោយបង្រួបបង្រួមគណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រីថ្មី ជាការចាកចេញយ៉ាងដាច់ស្រឡះពីរដ្ឋាភិបាលមុន ខណៈប្រទេសនេះទប់ទល់ទៅនឹងវិបត្តិមនុស្សធម៌ដ៏ជ្រៅ បង្កឡើងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ។

គណៈរដ្ឋមន្ត្រី ដែលត្រូវបានប្រកាសក្នុងរយៈពេលជិតពីរសប្តាហ៍ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ្គារី ខុននីល(Garry Conille) ដែលខ្លួនលោកត្រូវបានតែងតាំងឱ្យកាន់តំណែង បានកាត់បន្ថយចំនួនរដ្ឋមន្ត្រី ខណៈត្រូវជំនួសអ្នកទាំងអស់ដែលបានបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក Ariel Henry ។

ក្នុងអំឡុងសុន្ទរកថា លោក Conille បានសន្យាថានឹងស្តារប្រទេសឡើងវិញ និងធ្វើការដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនហៃទីប្រសើរឡើង។ វិបត្តិសង្គម និងនយោបាយ ដែលអូសបន្លាយពេលរបស់ប្រទេសហៃទី បានចាក់ឬសកាន់តែជ្រៅ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតីនៅក្នុងឆ្នាំ ២០២១ ធ្វើឱ្យប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល។ ក្រុមជនអន្ធពាល បានពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេស ខណៈជនស៊ីវិលរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញ។
នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី លោកនាយករដ្ឋមន្ត្រី ក៏នឹងធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ដោយគ្រប់គ្រងកងកម្លាំងសន្តិសុខភាគច្រើនរបស់ប្រទេសហៃទី ព្រមទាំងការប្រមូលផ្តុំការស៊ើបការណ៍។ លោក Conille បានត្រលប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ បន្ទាប់ពីសម្រាករយៈពេលខ្លីក្នុងតួនាទីនេះ ជាងមួយទសវត្សរ៍កន្លងទៅ។ កាលពីពេលថ្មីៗនេះ លោកជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ អង្គការ យូនីសេហ្វ(UNICEF)។