នៅក្នុងការលើកឡើងដ៏កម្រមួយជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែរលោកខាងលិច ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃពុធ (១២ មិថុនា) បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធយោធាក្នុងការសម្របខ្លួនទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខនាពេលបច្ចុប្បន្ន ដោយបានកត់សម្គាល់នូវវោហាសាស្ត្រ និងសមយុទ្ធនុយក្លេអ៊ែរចុងក្រោយបង្អស់របស់រុស្ស៊ី។

ដោយនិយាយទៅកាន់អ្នកសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ រយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែល ដែលនឹងរួមបញ្ចូលការប្រមូលផ្តុំនៃក្រុមផែនការនុយក្លេអ៊ែររបស់សម្ព័ន្ធយោធា លោក ស្តុលថិនប៊ឺក បានហៅអាវុធនុយក្លេអ៊ែររបស់អង្គការណាតូ ថាជា «ការធានាសន្តិសុខចុងក្រោយ» និងជាមធ្យោបាយថែរក្សាសន្តិភាព។

ខណៈពេលដែលគេដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរទៅកាន់ទីតាំងជាច្រើនក្នុងទ្វីបអឺរ៉ុប ណាតូ កម្រនិយាយអំពីអាវុធទាំងនេះជាសាធារណៈណាស់។ ដោយពិភាក្សាអំពីអ្វីដែលលោកហៅថា «ការសម្របខ្លួនកំពុងបន្ត» នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ណាតូ លោក ស្តុលថិនប៊ឺក បាននិយាយថា ប្រទេសហូឡង់ កាលពីខែមិថុនា បានប្រកាសថាយន្តហោះចម្បាំង F-35 ដំបូងគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពាក់អាវុធនុយក្លេអ៊ែរ ហើយបាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។
រុស្ស៊ី បានចោទសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនថាបានជំរុញពិភពលោកឱ្យជិតឈានដល់ការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែ ដោយការផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ ដែលអាវុធខ្លះត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី៕
