នៅមុនពេលការប្រកាសរបស់សហភាពអឺរ៉ុប អំពីផែនការដំឡើងពន្ធបន្ថែមទៀតរបស់ខ្លួនលើរថយន្តអគ្គិសនីរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ (១២ មិថុនា) ដោយនិយាយថា វិធានការនេះផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហើបថានឹងចាត់វិធានការប្រឆាំងតបតវិញ។

លោក លីន ជាន (Lin Jian) បាននិយាយថា ការដំឡើងពន្ធនោះធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតកម្មយានយន្តសកល ហើយនិងផលប្រយោជន៍របស់សហភាពអឺរ៉ុប។ លោកបន្ថែមថា ចិនជំរុញឱ្យសហភាពអឺរ៉ុបគោរពតាមការសន្យារបស់ខ្លួនក្នុងការគាំទ្រពាណិជ្ជកម្មសេរី និងប្រឆាំងនឹងលទ្ធិគាំពារនិយម ហើយចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ការប្រកាសរបស់សហភាពអឺរ៉ុប អំពីការដំឡើងពន្ធជាង ៣៨ ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន បង្ហាញពីជំហានថយក្រោយដ៏ធំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ក្នុងការបញ្ចុះបញ្ចូលទីក្រុងព្រុចសែល មិនឱ្យធ្វើតាមជំហររឹងរូសកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន លើពាណិជ្ជកម្ម។
គម្រោងពន្ធគយ ដែលធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេលជាច្រើនខែលើការឧបត្ថម្ភធនរបស់ចិន ត្រូវបានសម្រេចទោះបីជាមានការព្រមានពីទីក្រុងប៉េកាំងថា ការដាក់វិធានការបែបទណ្ឌកម្មនឹងរំខានដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចក៏ដោយ៕
