នគរបាលប្រឆាំងកុបកម្មនៅក្នុងរដ្ឋធានី ប៊ុយណូស៊ែ (Buenos Aires) របស់ប្រទេសអាហ្សង់ទីន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ានៅខាងក្រៅសភា មុនពេលសមាជិកសភាបានអនុម័តដំបូងចំពោះកំណែទម្រង់របស់លោកប្រធានាធិបតី ចាវីយ័រ មីលី (Javier Miliei) ទាក់ទងនឹងថវិកាជាតិនៅក្នុងព្រឹទ្ធសភារបស់ប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ។

ក្រុមសមាជិកព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ ៣៧ ទល់នឹង៣៦សំឡេង ក្នុងការផ្ដល់ការអនុម័តចំពោះសំណើច្បាប់ដ៏ចម្រូងចម្រាសរបស់រដ្ឋ បន្ទាប់ពីការជជែកដេញដោលដ៏ក្ដៅគកុករយៈពេល១១ម៉ោង ប៉ុន្តែក្រុមតំណាងរាស្ត្រ នៅតែត្រូវអនុម័តលើវិធានការនានាដោយបុគ្គល នៅក្នុងការបោះឆ្នោតដាច់ដោយឡែក ដែលបានបន្តរហូតដល់ពេលយប់។

ក្រុមបាតុករ ដែលនិយាយថា វិធានការនេះ នឹងធ្វើឱ្យប្រជាជនអាហ្សង់ទីន រាប់លាននាក់ រងទុក្ខ បានគប់គ្រាប់បែកសាំង និងដុំថ្ម បណ្ដាលឲ្យឆេះបំផ្លាញរថយន្តមួយគ្រឿង។
មនុស្សមួយចំនួនត្រូវបានរាយការណ៍ថាបានរងរបួស ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានហៅកន្លែង កើតហេតុកាលពីថ្ងៃពុធថាជា សមរភូមិ។
កញ្ចប់កំណែទម្រង់ ដែលស្នើឡើងដោយប្រធានាធិបតីស្តាំនិយម ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ ឡើងវិញ រួមមានការប្រកាសពីភាពអាសន្នផ្នែកសេដ្ឋកិច្ច ការកាត់ប្រាក់សោធននិវត្តន៍ និងការបន្ថយសិទ្ធិការងារ។
វិធានការទាំងនោះ ត្រូវបានជំទាស់ដោយគណបក្សនយោបាយឆ្វេងនិយម សហជីពការងារ និងអង្គការសង្គមស៊ីវិលនានា៕
