ភ្នំពេញ៖ កម្ពុជាបានប្រកាសនៅថ្ងៃនេះថា មនុស្សចំនួន ៥៩៨នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ជាតួលេខកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ៤ថ្ងៃបន្ទាប់គ្នា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៥៩៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខឆ្លងសរុបកើនឡើងដល់ ៨៤ ៨៦០នាក់ហើយគិតត្រឹមថ្ងៃនេះ។
តួលេខឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា បានធ្លាក់នៅក្រោមចំនួន ៥០០ករណីក្នុងមួយថ្ងៃអស់រយៈពេល ៤ថ្ងៃបន្តបន្ទាប់រួចមកហើយ មុននឹងកើនឡើងដល់ជិត ៦០០ឡើងវិញនៅថ្ងៃនេះ។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មនុស្សចំនួន ១២នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់ដោយសារជំងឺនេះសរុបឡើងដល់ ១ ៦៦៦នាក់ហើយនៅក្នុងរយៈពេលជាង ៥ខែកន្លងមកនេះ។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩សរុប ៧៩ ៦៥៤នាក់ហើយត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ១៨៧នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
