នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានចូលចតនៅកំពង់ផែទីក្រុងឡាហាវ៉ាន កាលពីថ្ងៃពុធ ជាទីឈប់ចតរយៈពេលខ្លី ដែលសហរដ្ឋអាមេរិក និងគុយបា បាននិយាយថា ពុំមានការគំរាមកំហែងអ្វីនោះទេ ប៉ុន្តែត្រូវបានគេមើលឃើញជាទូទៅថា ជាការបង្ហាញកម្លាំងរបស់រុស្ស៊ី ខណៈភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

អ្នកមើលដែលចង់ដឹងចង់ឃើញ អ្នកនេសាទ និងនគរបាល បានតម្រៀបជួរគ្នាតាមបណ្តោយផ្លូវមាត់សមុទ្រ Malecon ក្រោមផ្ទៃមេឃស្រទុំ ដើម្បីស្វាគមន៍នាវា ខណៈឆ្លងកាត់ប្រាសាទ Morro ដែលមានអាយុកាល៤០០ ឆ្នាំ នៅច្រកចូល កំពង់ផែ។
មន្ត្រីប្រទេសគុយបា បានទទួលសមភាគីរុស្ស៊ីកាលពីថ្ងៃពុធ ខណៈបានមកដល់មុនការធ្វើសមយុទ្ធយោធារួមគ្នាក្នុងការបង្ហាញកម្លាំង។ មន្ត្រីកងទ័ពជើងទឹក បានរៀបចំពិធីអបអរយោធានៅពីមុខទង់ជាតិរបស់ប្រទេសទាំងពីរ នៅកំពង់ផែទីក្រុងឡាហាវ៉ាន នេះបើយោងតាមវីដេអូដែលបានចាក់ផ្សាយកាលពីល្ងាចថ្ងៃពុធ ដោយស្ថានីយ៍ទូរទស្សន៍ផ្លូវការរបស់ប្រទេសគុយបា។

គុយបា បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរទស្សនកិច្ចបែបនេះ គឺជាការអនុវត្តស្តង់ដារដោយអង្គភាពកងទ័ពជើងទឹក មកពីបណ្តាប្រទេសជាមិត្ត ទៅកាន់ទីក្រុងឡាហាវ៉ាន ហើយនាវាទាំងនោះ ពុំមានអាវុធនុយក្លេអ៊ែរ និងមិនបង្ហាញពីការគំរាមកំហែងកំហែង ដល់តំបន់នោះទេ។
