ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) ត្រូវបានចោទប្រកាន់ពីបទរំលោភលើបម្រាមហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ តាមរយៈការផ្គត់ផ្គង់យានដ្រូនទៅឲ្យភាគីជម្លោះ ក្នុងជម្លោះរយៈពេល ១៤ ខែ ដែលបានបំផ្លិចបំផ្លាញប្រទេសស៊ូដង់។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ទាហានរដ្ឋាភិបាលស៊ូដង់ បានអបអរការវាយរុលទៅមុខរបស់យោធាដែលមិនធ្លាប់មាន។ នៅទីបំផុតពួកគេ ដណ្តើមយកបានវិញនូវទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋក្នុងរដ្ឋធានី Khartoum។ ដូចជានៅទីក្រុងភាគច្រើនដែរ អគារនេះ បានធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅពេលចាប់ផ្តើមសង្គ្រាមស៊ីវិលកាលពី ១១ ខែមុន។
អ្វីដែលគួរឲ្យកត់សម្គាល់អំពីជ័យជម្នះយោធា សម្រាប់កងទ័ព គឺមានវីដេអូ បង្ហាញពីការវាយប្រហារដោយមានជំនួយពីយានដ្រូនផលិតនៅប្រទេសអ៊ីរ៉ង់។ នៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម កងទ័ពពឹងផ្អែកលើកងកម្លាំងទ័ពអាកាស នេះបើយោងតាមលោក លោក Suliman Baldo នាយកអង្គការឃ្លាំមើលតម្លាភាព និងគោលនយោបាយរបស់ប្រទេសស៊ូដង់។

កម្លាំងគាំទ្ររហ័ស(RSF) បានរក្សាការគ្រប់គ្រងនៅលើដែនដីភាគភាគច្រើននៅទីក្រុង Khartoum និងទីក្រុង Darfur ភាគខាងលិចប្រទេសស៊ូដង់ ខណៈកងទ័ពរបស់ប្រទេសរក្សាវត្តមានវាយប្រហាររបស់ខ្លួននៅតាមអាកាស។
កាលពីដើមខែមករា ឆ្នាំ២០២៤ វីដេអូមួយបានបង្ហោះនៅលើបណ្តាញ Twitter ពីយានដ្រូនរបស់កងទ័ព ដែលត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងគាំទ្ររហ័ស(RSF)។
យោងតាមអ្នកជំនាញយានដ្រូន និងជាប្រធានគម្រោងសម្រាប់ការរំសាយអាវុធមនុស្សធម៌ នៅអង្គការសន្តិភាពហូឡង់(PAX) បាននិយាយថា បំណែកយាន និងកន្ទុយរបស់វា ដូចទៅនឹងយានដ្រូន ដែលត្រូវបានផលិតដោយប្រទេសអ៊ីរ៉ង់ មានឈ្មោះថា ម៉ូហាជឺ-៦(Mohajer-6)។
យានដ្រូន Mohajer-6 មានប្រវែង ៦,៥ម៉ែត្រ អាចហោះហើរបានដល់ទៅ២.០០០ គីឡូម៉ែត្រ និងធ្វើការវាយប្រហារតាមអាកាស ដោយមានគ្រាប់ផ្លោងធ្លាក់កំណត់គោលដៅ។