ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះបាននិយាយថាចំនួនមនុស្សដែលត្រូវបានភៀសខ្លួន ឬផ្លាស់ទីលំនៅដោយបង្ខំមានចំនួន ១១៧,៣ លាននាក់ គិតត្រឹមដំណាច់ឆ្នាំមុន ដោយព្រមានថាតួលេខនេះអាចកើនឡើងបន្ថែមទៀត បើពុំមានការផ្លាស់ប្តូរនយោបាយពិភពលោកធំដុំ។

លោក ហ្វីលីបប៉ូ ក្រានឌី (Filippo Grandi) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា «តួលេខទាំងនេះគឺជាជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន ជនភៀសខ្លួនខាងក្នុង ប្រជាជនត្រូវបានបង្ខំឱ្យចាកចេញឆ្ងាយដោយសារជម្លោះ ដោយសារការបៀតបៀន ដោយសារការធ្វើទុក្ខបុកម្នេញ និងកំណើនកាន់តែស្មុគស្មាញនៃអំពើហិង្សា»។

នៅក្នុងរបាយការណ៍របស់ខ្លួនស្តីពីនិន្នាការពិភពលោកក្នុងការភៀសខ្លួនដោយបង្ខំ ទីភ្នាក់ងារ UNHCR បាននិយាយថា មានការកើនឡើងប្រចាំឆ្នាំនៃចំនួនមនុស្សដែលត្រូវបានភៀសខ្លួន ឬផ្លាស់ទីលំនៅដោយបង្ខំក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ។ UNHCR ប៉ាន់ប្រមាណថាការភៀសខ្លួនដោយបង្ខំបានបន្តកើនឡើងក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ នេះ ហើយចំនួនជនភៀសខ្លួនទំនងជាមានលើសពី ១២០ លាននាក់ត្រឹមចុងខែមេសា។
ជម្លោះដែលបានជំរុញឱ្យមានការភៀសខ្លួនរួមមានសង្គ្រាមនៅស៊ូដង់ ដែលលោក ក្រានឌី បានពណ៌នាថាជា «ករណីដ៏មហន្តរាយបំផុតមួយ» ជាងវិបត្តិផ្សេងទៀត។ នៅតំបន់ហ្កាហ្សា ការទម្លាក់គ្រាប់បែក និងយុទ្ធនាការជើងគោករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សប្រហែល ១,៧ លាននាក់ ពោលគឺជិត ៨០ ភាគរយនៃចំនួនប្រជាជនប៉ាឡេស្ទីន ក្លាយជាជនភៀសខ្លួនខាងក្នុង ឬភៀសខ្លួនជាច្រើនដង៕