ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអន្តោប្រវេសន៍សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី បានប្ដេជ្ញាសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបអំពើជួញដូរ សហការពង្រឹងការងារសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចែករំលែកជូនភាគីអូស្ត្រាលី នូវព័ត៌មានសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍នៅកម្ពុជា រួមទាំងការងារកំណែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីឆ្លើយតបបរិបទថ្មីនៅកម្ពុជា និងក៏ដើម្បីផ្ដល់ភាពងាយស្រួលកំណត់បែបបទ និងលក្ខខណ្ឌច្បាស់លាស់ លើការងារអន្តោប្រសន៍ខណៈភាគីអូស្ត្រាលី មានបទពិសោធន៍ស៊ីជម្រៅជាងកម្ពុជាលើការងារនេះ ។

ចំពោះការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ដែលមកដល់ពេលនេះក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ហើយស្នើភាគីអូស្រ្ដាលី ជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជា បន្ថែមលើការងារមួយចំនួន ។

ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ បានបង្ហាញការជឿជាក់ ដំណើរទស្សនកិច្ច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមានសារសំខាន់ និងប្រាកដជាទទួលបានលទ្ធផលផ្លែផ្កា ជាពិសេសការផ្លាស់ប្តូរយោបល់ និងបទពិសោធជាមួយអង្គភាពជំនាញ លើកិច្ចការអន្តោប្រវេសន៍ កិច្ចការបទល្មើសបច្ចេកវិទ្យា និងការងារនគរបាល ។
ជាមួយនេះ ឯកឧត្តម បានទទួលស្គាល់អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជា និងយល់ស្របលើការងារប្រយុទ្ធប្រឆាំងបទល្មើសអន្តោប្រវេសន៍ បទល្មើសនានា រួមទាំងបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ហើយទទួលយកសំណូមពរពីភាគីកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងពិនិត្យលទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការ លើការងារស្ថិតក្នុងវិស័យក្រសួងទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការកត់សម្គាល់ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ អូស្ត្រាលី បានបញ្ជាក់ពីការត្រៀមមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប តបតាមការអញ្ជើញរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងបានជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ទទួលជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ ដោយឯកឧត្តមផ្ទាល់មានជំនឿថា គណៈប្រតិភូនឹងជួបពិភាក្សាផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ល្អៗជាមួយស្ថាប័នជំនាញអូស្រ្តាលី នៅថ្ងៃបន្តបន្ទាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

