ស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ ២រូប ដែលឈរជើងនៅចំណុចគោលដៅ ស្តុបផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ទឹកដីខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីឃាត់ម៉ូតូ ១គ្រឿង ដោយគ្មានបទល្មើស ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រោយពី ទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ។
ក្រោយពីព័ត៌មាននេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី ២រូប ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពី អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច ៕ តារាវុទ្ធី



