ដើម្បីឆ្លើយតបក្នុងការទទួលពាក្យ និងសម្ភាសន៍ការងារដល់អ្នកកំពុងស្វែងរកការងារធ្វើ តំណាងក្រុមហ៊ុននានា បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួន ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមខ្លួនជាមុនដើម្បីឲ្យទទួលបានលទ្ធផលជាវិជ្ជមាន ខណៈក្រុមហ៊ុនធំៗចំនួន១២បានផ្តល់ឱកាសការងារចំនួនជិត ៧០០កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារនៅថ្ងៃទី១៣ ខែមិថុនានេះ។
លោក ប្រាក់ សុភៈ មន្រ្តីជ្រើសរើសបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានលើកឡើងថា ឆ្លងកាត់តាមបទពិសោធន៍កន្លងមក គន្លឹះមួយចំនួនដែលអ្នកស្វែងរកការងារធ្វើគួរតែយល់ដឹងនិងត្រៀមជាមុន គឺការស្គាល់ខ្លួនឯងដែលជារឿងសំខាន់បំផុត ជាពិសេសក្រៅពីចំណេះដឹង ត្រូវមានជាចាំបាច់ដើម្បីមានអាទិភាពខ្ពស់ គឺជំនាញក្នុងជីវិត មុននឹងសម្រេចដាក់ពាក្យដើម្បីសម្ភាសន៍ការងារជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្ត។
កញ្ញា នី សុខហ័ង ប្រធានអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រង ដាយ អ៊ិ ឈិ និងលោក ស្តុក ថាវ៉ាត់ មន្រ្តីផ្នែកធនធានមនុស្សនៃសហគ្រាស ហ្គូដហៀល កម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ក្រៅពីការត្រៀមខាងលើនេះ អ្នកស្វែងរកការងារក៏ត្រូវពង្រឹងផ្នែកភាសា និងជំនាញកុំព្យូរទ័រដែរ ព្រោះបច្ចុប្បន្ន និងទៅមុខគឺសម័យឌីជីថល ដែលទាមទារឲ្យមានការយល់ដឹង និងប្រើប្រាស់ច្រើន។ បន្ថែមពីនេះ ក៏គួរមានបញ្ជីរសំណួរជាមុន និងត្រង់ត្រាប់ស្តាប់ចម្លើយក្នុងពេលសម្ភាសន៍ សួរសំណួរដែលត្រូវតាមដាន ព្រោះទាំងអស់នោះ ជាការឆ្លុះបញ្ចាំងពីយើង។
សូមជម្រាបជុនថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ជាតិ និងមុខរបរការងារ (NEA) បានរៀបចំវេទិកាការងារ ដោយមានក្រុមហ៊ុនធំៗចំនួន១២ ចូលរួមបង្ហាញជូននូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជិត ៧០០កន្លែង។ វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង។
ដោយឡែក សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ ឈិត បូរ៉ាវី







