ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា មនុស្សជាង ៨០ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុលិចទូកនៅលើទន្លេ ក្វា (Kwa) ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

លោក រិន ម៉ាឃឺ (Ren Maker) មន្ត្រីនៃអាជ្ញាធរទន្លេកុងហ្គោបាននិយាយថា ឧបទ្ទវហេតុនេះទាក់ទងនឹងទូកចំនួនពីរគ្រឿង ដែលមួយក្នុងចំណោមនោះកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី គីនស្ហាសា (Kinshasa) ហើយមានបញ្ហាម៉ាស៊ីន រួចក៏ត្រូវបានបុកដោយទូកទីពីរដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះ។

លោកស្រី រីតា បូឡា ឌូឡា (Rita Bola Dula) អភិបាលខេត្ត ម៉ៃ-ឌូមបេ (Mai-Ndombe) បានប្រាប់សារព័ត៌មានរ៉យទ័រថា ឧប្បត្តិហេតុដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទនេះ គឺបណ្តាលមកពីការធ្វើដំណើរតាមទូកពេលយប់ងងឹត។
លោកស្រី ឌូឡា បន្ថែមថា ដំណើរការសង្រ្គោះអ្នកនៅរស់រានមានជីវិត និងស្រង់យកសាកសពផ្សេងទៀតកំពុងដំណើការ»។ ការិយាល័យប្រធានាធិបតី ដែលដាក់ចំនួនអ្នកស្លាប់បណ្ដោះអាសន្នមានជាង ៨០ នាក់ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើងម្ដងទៀត។
គ្រោះថ្នាក់លិចទូកបណ្ដាលឱ្យមនុស្សស្លាប់គឺជារឿងធម្មតាទៅហើយនៅក្នុងដែនទឹកនៃប្រទេសកុងហ្គោ ដែលជាញឹកញាប់កប៉ាល់ ទូក ឬនាវា ផ្ទុកលើសទម្ងន់។ ប្រទេសអាហ្រ្វិកកណ្តាលមួយនេះមានផ្លូវកៅស៊ូតិចតួចប៉ុណ្ណោះឆ្លងកាត់ទឹកដីព្រៃឈើដ៏ធំល្វឹងល្វើយ ហើយការធ្វើដំណើរតាមដងទន្លេគឺជារឿងសាមញ្ញ៕
