ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា ភាពអត់ឃ្លានទ្រង់ទ្រាយធំគឺជា «ហានិភ័យពិតប្រាកដ» នៅក្នុងតំបន់ហែកហួរដោយសង្រ្គាមមួយចំនួននៃប្រទេសស៊ូដង់ ជាទីដែលជម្លោះបានធ្វើឱ្យការចែកចាយជំនួយផ្នែកវេជ្ជសាស្រ្ដមិនអាចដំណើការបាន។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី ខាទុម ក្នុងខែមេសា ឆ្នាំ២០២៣ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដោយបានបន្តការបង្ហូរឈាមក្នុងចំណោមជនជាតិភាគតិចនៅក្នុងតំបន់ ដាហ្វឺ (Darfur) ភាគខាងលិច និងបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួន។

អគ្គនាយក WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា «មនុស្សកំពុងស្លាប់ដោយសារកង្វះលទ្ធភាពទទួលបានសេវា និងឱសថសំខាន់ៗ ខណៈពេលមានហានិភ័យពិតប្រាកដនៃការអត់ឃ្លានទ្រង់ទ្រាយធំនៅក្នុងតំបន់មួយចំនួន»។ លោក តេដ្រូស បន្ថែមថា មន្ទីរពេទ្យជាង ៧០ ភាគរយនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះស៊ូដង់ និងចំនួន ៤៥ ភាគរយនៃកន្លែងថែទាំសុខភាពនៅក្នុងរដ្ឋចំនួនប្រាំផ្សេងទៀតមិនដំណើរការទេ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនបានព្រមានកាលពីខែមុនថា ស៊ូដង់កំពុងស្ថិតក្នុងហានិភ័យនៃគ្រោះទុរ្ភិក្សដែលមានមនុស្សប្រហែល ១៨ លាននាក់ស្រេកឃ្លានយ៉ាងធ្ងន់ធ្ងររួមទាំងកុមារ ៣,៦ លាននាក់ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

ជម្លោះនេះបានជំរុញឱ្យអង្គការសហប្រជាជាតិ ពិពណ៌នាថាជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក ដែលមានមនុស្សជិត ១០ លាននាក់បានផ្លាស់ទីលំនៅខាងក្នុង និង ២ លាននាក់ផ្សេងទៀតបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕