ប្រភពសន្តិសុខអេហ្ស៊ីបពីរ បាននិយាយថា ក្រុមហាម៉ាស ចង់បានការធានាជាលាយលក្ខណ៍អក្សរពីសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីចុះហត្ថលេខាលើសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបញ្ជាក់ថា ក្រុមហាម៉ាស បានឆ្លើយតបកាលពីថ្ងៃអង្គារចំពោះផែនការបទឈប់បាញ់ជាដំណាក់កាលសម្រាប់ការបញ្ចប់សង្គ្រាមរយៈពេល៨ខែ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយមិនផ្តល់ព័ត៌មានលម្អិតទេ។

ផែនការនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅចុងខែឧសភា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ ផែនការនេះដែរ រួមបញ្ចូលទាំងការដោះលែងជាបណ្តើរៗនូវចំណាប់ថ្នូរអ៊ីស្រាអែលដែលឃុំខ្លួននៅហ្កាហ្សា និងការដកទ័ពអ៊ីស្រាអែលមកវិញជាពីរដំណាក់កាល ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីន ជាមួយនឹងការកសាងឡើងវិញនូវទឹកដីដែលខ្ទេចខ្ទាំដោយសង្រ្គាម និងការប្រគល់អដ្ឋិធាតុនៃចំណាប់ថ្នូរដែលបានស្លាប់ នៅក្នុងដំណាក់កាលទី៣។
សហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែល បានទទួលយកសំណើនេះ ប៉ុន្តែអ៊ីស្រាអែលមិនបានបញ្ជាក់ជាសាធារណៈអំពីរឿងនេះទេ។
ប្រភពរបស់អេហ្ស៊ីប និងប្រភពទី៣ដែលបានដឹងអំពីកិច្ចពិភាក្សានេះ បាននិយាយថា ក្រុមហាម៉ាស មានការព្រួយបារម្ភថា សំណើបច្ចុប្បន្នមិនផ្តល់ការធានាច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរពីដំណាក់កាលដំបូងនៃផែនការនេះ ដែលរួមមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍ និងការដោះលែងចំណាប់ថ្នូរមួយចំនួន ហើយដល់ដំណាក់កាលទី២ ដែលរួមមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពរបស់អ៊ីស្រាអែល។