អាហ្វហ្គានីស្ថាន៖ ការបំផ្ទុះ ៣លើកកើតមានឡើងនៅទីក្រុងចាឡាឡាបាត របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទម្សិលមិញ បានសម្លាប់មនុស្ស ៤នាក់ និង ២០នាក់ផ្សេងទៀតរងរបួស។
ទាំងអ្នករងរបួស និងអ្នកបាត់បង់ជីវិតត្រូវគេជឿថាជាជនស៊ីវិល នេះជាការបញ្ជាក់របស់លោក សាសម៉ាស់ ម៊ូតមៀកហៃ អភិបាលខេត្តណាងហ្កាហា។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដែលកើតឡើងក្នុងពេលអង្គការសហប្រជាជាតិ បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងអំពីការកើនឡើង នៃអំពើហិង្សានៅក្នុងប្រទេសនេះ អំឡុងពេលសប្ដាហ៍ដំបូងនៃបុណ្យរ៉ាម៉ាឌន ជាខែដែលក្រុមម៊ូស្លីមតមអាហារពីពេលថ្ងៃរះរហូតដល់ពេលថ្ងៃលិច។ ទាំងពួកតាលីបង់ និងក្រុមរដ្ឋអ៊ីស្លាមធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងចាឡាឡាបាតខេត្តណាងហ្កាហា។ កាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួននៅក្នុងតំបន់នេះ ដែលព្យាយាមលប់បំបាត់ពួកអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម។
ការផ្ទុះកើតឡើងនៅភាគកណ្ដាលទីក្រុងចាឡាឡាបាត ប៉ុន្តែគោលដៅនៃការវាយប្រហារនេះ គេមិនទាន់ដឹងច្បាស់លាស់ភ្លាមៗទេ។ ក្នុងពេលប៉ុន្មានខែថ្មីៗនេះក្រុមតាលីបង់បានបង្កើនការវាយប្រហាររបស់ពួកគេ ដែលបណ្ដាលឲ្យកងកម្លាំងអាហ្វហ្គានីស្ថានរងរបួសសន្ធឹកសន្ធាប់ ហើយឥឡូវនេះកំពុងមានឥទ្ធិពលជាងពាក់កណ្ដាលប្រទេស៕
អត្ថបទ៖ រិទ្ធី
