ភ្នំពេញ៖ ក្រសួងសុខាភិបាល បានទទួលការជួយឧបត្ថម្ភសម្ភារសុវត្ថិភាព រួមមានម៉ាសការពារ និងជេលលាងដៃជាច្រើន ពីក្រុមហ៊ុនព្រូដិនសលកម្ពុជា។ ការផ្ដល់ជូននេះ គឺដើម្បីក្រសួងសុខាភិបាល អាចផ្ដល់ជូនបន្តដល់មន្ត្រីសុខាភិបាលដែលបម្រើការជួរមុខ ក្នុងរាជធានី-ខេត្ត ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យទទួលព្យាបាលជំងឺកូវីដ–១៩។
ក្រសួងសុខាភិបាលបានទទួលការឧបត្ថម្ភសម្ភារៈសុវត្ថិភាពជាច្រើនពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ សម្ភារទាំងនោះរួមមាន ម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេលលាងដៃគុណភាពខ្ពស់ ចំនួន១២០០ដប ដើម្បីជួយការពារមន្ត្រីសុខាភិបាលដែលបម្រើការជួរមុខ ក្នុងរាជធានី-ខេត្ត ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យទទួលព្យាបាលជំងឺកូវីដ–១៩។
ក្នុងឱកាសទទួលបានការជួយឧបត្ថម្ភនេះ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា «វិស័យឯកជនបានជួយបរិច្ចាគបរិក្ខារពេទ្យ មធ្យោបាយដឹកជញ្ជូន និងថ្នាំបាញ់សម្លាប់មេរោគ។ នេះគឺជាកាយវិការមនុស្សធម៌ល្អមួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩។»
ឯកឧត្ដមបន្តថា ការបរិច្ចាគពីសំណាក់ក្រុមហ៊ុនឯកជននានា រាប់បញ្ចូលទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា នាពេលនេះផង គឺជាការរួមចំណែកធំនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩។ រហូតមកទល់នឹងពេលនេះ យើងទទួលបានជោគជ័យក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែយើងត្រូវតែបន្តប្រុងប្រយ័ត្ន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺឆ្លងនេះតទៅទៀត”។
លោក សានចេ ចាក្រាបាទី (Sanjay Chakrabarty ) អគ្គនាយកចាត់តាំងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា លើកឡើងថា ការជួយឧបត្ថម្ភនេះជាបេសកកម្មចំបងរបស់យើង គឺជួយការពារអតិថិជន និងសហគមន៍របស់យើងប្រឆាំងនឹងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ ស្របជាមួយបេសកកម្មរបស់យើង យើងជួយការពារមន្ត្រីសុខាភិបាលជួរមុខ តាមរយៈការផ្ដល់នូវសម្ភារការពារខ្លួនដែលមានគុណភាពខ្ពស់។
ការបរិច្ចាគនេះគឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនទៀត ដែលយើងបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីជួយដល់អ្នកពាក់ព័ន្ធរបស់យើង៕ អត្ថបទ៖ គឹមហុក
