ពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា២៥០ដុល្លារអាមេរិក ) រស់នៅភូមិចំនួន៨ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសាកសួរសុខទុក្ខ និងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀតពង្រីកមុខរបរ ដើម្បីលើស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើង។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលអនុវត្ត ៣ការពារ ៣កុំ ២ចូលរួម និងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ទន្ទឹមនឹងនេះ សូមបងប្អូនរស់នៅមានអនាម័យ បរិភោគទឹកឆ្អិន ជៀសផុតពីជំងឺឆ្លងនានា។
គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដើម្បីជាដើមទុនក្នុងការពង្រីកមុខរបរ។ ជាមួយគ្នានេះ គ្រួសារនីមួយៗបានទទួលអំណោយបន្ថែមរួមមាន ៖ ម៉ាស់ , អាល់កុល , សាប៊ូដុំ និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត ) ១កញ្ចប់ផងដែរ។
សូមជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២.១១៥គ្រួសារ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។ ដោយឡែកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីតយុទ្ធជននៅឆ្នាំ២០១៩ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន២១គ្រួសារ៕
អត្ថបទ ៖ ចក



