របាយការណ៍រួមមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះថា សង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន បានបង្កដោយផ្ទាល់ ឬបើកផ្លូវដល់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចំនួន ១៧៥ លានតោនទៅក្នុងបរិយាកាស។

របាយការណ៍ដែលចេញផ្សាយដោយក្រសួងបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលអាកាសធាតុ របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ការប៉ាន់ប្រមាណរបស់ពួកគេរួមមានទាំងការបំភាយឧស្ម័នដែលត្រូវបានបញ្ចេញ និងដែលនឹងត្រូវបានផលិតក្នុងអំឡុងពេលការងារជួសជុលបន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយសកម្មភាពបំភាយឧស្ម័នសំខាន់ៗមួយចំនួន គឺបណ្តាលមកពីការប្រយុទ្ធគ្នា។

របាយការណ៍នោះបាននិយាយថា «ប្រេងឥន្ធនៈរាប់លានលីត្រដែលប្រើប្រាស់ដោយរថយន្តយោធា ហើយវាលស្រែ និងព្រៃឈើជិតមួយលានហិកតាបានឆាបឆេះ រចនាសម្ព័ន្ធប្រេង និងឧស្ម័នរាប់រយកន្លែងត្រូវបានបំផ្ទុះ។ ការប៉ាន់ប្រមាណ ១៧៥ លានតោននេះគឺស្មើនឹងការបំភាយប្រចាំឆ្នាំដែលផលិតដោយរថយន្ត ៩០ លានគ្រឿង ឬប្រហែលតួលេខបំភាយសរុបនៃប្រទេសហូឡង់ក្នុងមួយឆ្នាំ»។

សង្រ្គាមដែលចាប់ផ្តើមដោយទីក្រុងមូស្គូ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ទៀតភៀសខ្លួន ហើយក៏បានបង្កការខូចខាតបរិស្ថានយ៉ាងធំធេងផងដែរ នៅពេលដែលកងទ័ពភាគីទាំងពីរចូលរួមនៅក្នុងសង្គ្រាមដីគោកអឺរ៉ុបដ៏ធំបំផុតក្នុងរយៈពេល ៨០ ឆ្នាំមួយនេះ៕