ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញចៅក្រម ដែលត្រួតពិនិត្យការកាត់ក្តីប្រាក់បំបិទមាត់របស់លោក ឱ្យលុបចោលដីកាបង្គាប់ ព្រោះលោក ត្រាំ ត្រូវបានកាត់ឱ្យមានទោសហើយ ដោយលើកហេតុផលថា គូប្រជែងរបស់លោកកំពុងប្រើការរឹតបន្តឹងលើសុន្ទរកថារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ជា «អាវុធនយោបាយ» ហើយវាប៉ះពាល់ដល់សុន្ទរកថានៃយុទ្ធនាការបោះឆ្នោតរបស់លោក។

នៅក្នុងឯកសារតុលាការកាលពីដើមសប្តាហ៍នេះ មេធាវីការពារក្តី លោក ថុត ប្លង់ស្ហា (Todd Blanche) និងលោក អេមីល បូវ៉េ (Emil Bove) បានបញ្ជាក់ថា យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានសំដៅលើលោក ត្រាំ ដោយហៅលោកថាជា «ឧក្រិដ្ឋជនមានទោស» នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ ខែឧសភា។

ពួកគេបន្ថែមថា ដីកានេះអាចរឹតបន្តឹងលោក ត្រាំ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពាក្យសម្ដីពីលោក បៃដិន ក្នុងពេលការជជែកដេញដោលប្រធានាធិបតីនៅថ្ងៃទី២៧ ខែមិថុនា របស់ពួកគេ ទោះបីជាបទបញ្ជានេះគ្រាន់តែដាក់កម្រិតលើការថ្លែងជាសាធារណៈរបស់លោក ត្រាំ អំពីចៅក្រម សាក្សី និងបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ហើយមិនបានរារាំងលោកពីការរិះគន់ករណីទូទៅក៏ដោយ។

គណៈវិនិច្ឆ័យនៅតំបន់ ម៉ែនហាតថាន់ (Manhattan) កាលពីថ្ងៃទី៣០ ឧសភា បានរកឃើញថាលោក ត្រាំ វ័យ ៧៧ ឆ្នាំមានទោសលើ ៣៤ ករណីនៃបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ ១៣០.០០០ ដុល្លារដល់អតីតមេធាវីរបស់ខ្លួនទៅឱ្យតារាភាពយន្តអាសអាភាស លោកស្រី ស្តមមី ដានីញ៉ែលស៍ (Stormy Daniels) ឱ្យលាក់បាំងពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំងពីរ។ មុនពេលការកាត់ក្តីនោះចាប់ផ្តើមនៅក្នុងខែមេសា ចៅក្រមបានចេញដីកាបង្គាប់នេះ បន្ទាប់ពីរដ្ឋអាជ្ញាបានលើកឡើងពីប្រវត្តិរបស់លោក ត្រាំ ក្នុងការធ្វើសេចក្តីថ្លែងការណ៍គំរាមកំហែង ដោយបង្ហាញថាលោកអាចបង្អាក់ដំណើរការនីតិវិធី៕