
ដោយមានចម្ងាយនៅឆ្ងាយពីអគារខ្ពស់ៗដែលមានពន្លឺភ្លឺព្រោងព្រាតនៃរដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា គឺទីក្រុង Mumbai ភូមិក្រីក្រនៅក្នុងតំបន់ដែលផ្គត់ផ្គង់ទឹកដល់ទីក្រុងដ៏ធំនេះ កំពុងរីងស្ងួត ជាវិបត្តិ ដែលបានកើតឡើងម្តងទៀតនៅទូទាំងប្រទេស ដោយអ្នកជំនាញបាននិយាយថា ជាប្រផ្នូលបង្ហាញពីបញ្ហាដ៏គួរឲ្យភ័យខ្លាច។
ដោយមានទូលក្អមដែកដ៏ធ្ងន់លើក្បាលរបស់ខ្លួន នាង Sunita Pandurang Satgir (ស៊ូនីតា ប៉ាន់ឌូរ៉ាង សាតហ្គៀរ៍) បាននិយាយថា៖ «ប្រជាជននៅទីក្រុង Mumbai ផឹកទឹករបស់យើង ប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះ រួមទាំងរដ្ឋាភិបាលផង យកចិត្តទុកដាក់ចំពោះយើង ឬការទាមទាររបស់យើងឡើយ»។
តម្រូវការទឹកកំពុងកើនឡើងខ្លាំង នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដោយមានចំនួន ១,៤ពាន់លាននាក់ ប៉ុន្តែការផ្គត់ផ្គង់កំពុងធ្លាក់ចុះជាលំដាប់ ដោយសារបម្រែបម្រួលអាកាសធាតុជំរុញឲ្យមានភ្លៀងធ្លាក់ខុសប្រក្រតី និងក្ដៅខ្លាំង។
ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ សម្រាប់ទីក្រុង Mumbai រួមមានអាងស្តុកទឹកដែលតភ្ជាប់ដោយប្រឡាយនានា និងបំពង់បង្ហូរទឹកពីចម្ងាយ ១០០គីឡូម៉ែត្រ។ ប៉ុន្តែអ្នកជំនាញនិយាយថា ការណ៍ដែលមិនបានរៀបចំផែនការជាមូលដ្ឋានឲ្យត្រឹមត្រូវ មានន័យថា បណ្តាញផ្គត់ផ្គង់នេះ ជារឿយៗមិនត្រូវបានភ្ជាប់ទៅកាន់ភូមិជនបទរាប់រយ ក្នុងតំបន់ និងស្រុកមួយចំនួន នៅក្បែរនោះឡើយ។
ផ្ទុយទៅវិញ ពួកគេត្រូវពឹងផ្អែកលើអណ្តូងបុរាណ។ ប៉ុន្តែតម្រូវការលើសពីធនធានដែលមានតិចតួច ហើយកម្រិតទឹកក្រោមដីសំខាន់ៗ កំពុងធ្លាក់ចុះ។
គួរបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុកំពុងធ្វើអាកាសធាតុប្រែប្រួល ដែលនាំឲ្យមានភាពរាំងស្ងួតកាន់តែយូរ និងធ្ងន់ធ្ងរជាងមុន។ ហើយអណ្តូងទឹករីងស្ងួតយ៉ាងលឿន នៅដើមរដូវក្តៅខ្លាំង៕