
ភ្លើងឆេះព្រៃដ៏ធំនៅវាលទំនាប Pantanal ប្រទេសប្រេស៊ីល ដែលជាដីវាលទំនាបធំជាងគេបំផុតរបស់ពិភពលោក បានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងចំណោមអ្នកស្រុក ដោយសារតែកំណើនយ៉ាងឆាប់រហ័សភ្លើងឆេះព្រៃក្នុងឆ្នាំនេះ ។
លោក Donizete Oliveira គឺជាពលរដ្ឋក្នុងស្រុកមួយរូប ឈរនៅមាត់បង្អួចផ្ទះរបស់លោកដែលមានចម្ងាយប្រហែល ៥គ.មពីភ្លើងឆេះព្រៃ ដើម្បីមើលអណ្តាតភ្លើងឆាបឆេះនៅពេលយប់ ។
លោក Oliveira និយាយថា ស្ថានភាពភ្លើងឆេះព្រៃក្នុងតំបន់ ពិតជាស្មុគ្រស្មាញណាស់ ហើយភ្លើងឆេះព្រៃ ពុំឈប់ទាល់តែសោះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីយប់ថ្ងៃពុធថា វាគួរតែដល់ពេលមានទឹកជំនន់ តែឆ្នាំនេះ គ្មាននោះទេ ហើយស្ថានភាពកាន់តែអាក្រក់ជាងមុនទៅទៀត ។
កង្វះខាតទឹកភ្លៀងក្នុងឆ្នាំនេះ បណ្តាលឲ្យរដូវភ្លើងឆេះព្រៃ ឆាប់ចាប់ផ្តើម ហើយកាន់តែមានភ្លើងឆេះព្រៃច្រើនជាងមុនឆ្នាំមុនៗទៅទៀត ។
សូមបញ្ជាក់ថា វាលទំនាប Pantanal ដែលស្ថិតនៅតំបន់ភាគកណ្តាល និងភាគខាងលិចប្រទេសប្រេស៊ីល គឺជាទីជម្រករបស់សត្វជាច្រើនប្រភេទ ជាពិសេសសត្វមានឆ្អឹងខ្នង ៕