ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា និងលោកឧកញ៉ា ភូ ពុយ អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង បានអញ្ជើញជាអធិបតិភាពក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ ប្រតិស្ឋានដើមពោធិព្រឹក្ស ពុទ្ធាភិសេកព្រះពុទ្ធរូប ឆ្លងខឿនពោធិព្រឹក្ស និងសមិទ្ធផលនានាជាច្រើនមុខ នៅវត្ដសុភីរាម ហៅវត្តបន្ទាយត្រោក ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត-ស្រុក សប្បុរសជន
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ ពុទ្ធបរិស័ទ ជាច្រើននាក់។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀងបានឱ្យដឹងថា វត្តសុភីរាម ហៅ វត្តបន្ទាយត្រោក ជាវត្តចំណាស់មួយក្នុងខេត្តពោធិ៍សាត់ ស្ថិតក្នុងក្នុងភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង វត្តនេះត្រូវបានកសាងឡើងជាថ្មីដោយព្រះតេជគុណ ខុង ម៉ូវ ក្នុងឆ្នាំ១៨៨០ នៅលើ ទីវត្តចាស់ ដែលមានអាយុកាលជាង ២០០ឆ្នាំ មុន។ ដោយនៅលើទីទួលវត្តចាស់នោះមានដើមសុភីជាច្រើនដើម ទើបព្រះតេជគុណ ខុង ម៉ូវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានសន្មតិជាឈ្មោះថា វត្តសុភីរាម ហើយឈ្មោះនេះ ត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ វត្តសុភីរាម រាប់ចាប់ផ្តើមពីការកសាងរហូតដល់ បច្ចុប្បន្ន មានព្រះគ្រូចៅអធិការចំនួន ១០អង្គ ហើយ ដែលបានគ្រប់គ្រងកសាងសមិទ្ធផលនានាក្នុងវត្ត ។
ចំពោះសមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងក្នុងពេលនេះ សរុបការចំណាយអស់ ១២៥.៩២០.០០០រៀល និង ៤៣២.១៧៨ដុល្លារសហរដ្ឋអាមេរិក រួមមាន៖ ផ្ទះបិណ្ឌមួយខ្នង , កាយស្រះថ្មីមានបណ្ដោយ ១៩០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជម្រៅ ៦ម៉ែត្រ , កុដិតូច ៤ខ្នង មានបន្ទប់ទឹក៤ និងកុដិធំពីរជាន់ , រោងចម្រោះទឹកចំនួន១ និងម៉ាស៊ីនចម្រោះទឹកសុទ្ធមួយឈុត , បន្ទប់ទឹក មួយខ្នង ៦បន្ទប់,ផ្លូវ បេតុងតូចធំ៨ខ្សែ , ជួសជុលខឿនព្រះវិហារ , ស្រះទឹកតូចមានរបងជុំវិញ , សាងសង់ខ្យូស ចំនួន៨, ដងទង់តូចៗ ៣២០ដើម ,ដងទង់បង្គោលភ្លើង , ខឿនព្រះពោធិព្រឹក្ស និងព្រះពុទ្ធរូបលើខឿនពោធិព្រឹក្ស , រៀបចំសួនផ្កា , របង ,ក្រាលការ៉ូឡា , រៀបចំភ្លើងក្នុងវត្ត , និងចាក់សាបក្នុងបរិវេណវត្ត ។ សមិទ្ធផលទាំងអស់នេះ បានផ្ដួចផ្ដើមកសាង និងជួសជុល ដោយ ៖ ១- លោកឧកញ៉ា ភួ ប៉ូយ និងលោក ជំទាវ លី ផិចលន់ ២- លោកឧកញ៉ា ភួ ពុយ និងលោកជំទាវ អ៊ឹង ណងពីន ៣- ឧបាសក ទា យូថេង ឧបាសិកា ជិវ ឈីវវួច ៤-លោក ចាំ ម៉េង និងអ្នកស្រី ភួង ធីតា ៥- លោក តាំង ស៊ុយគង់ និងលោកស្រី អៀង ម៉ុយ និង៦-ឧបាសក សេង អៀម និងឧបាសិកា តាន់ ប៉ុច ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជាមានមោទនភាពបំផុត ជាមួយនិង សមិទ្ធផលដែលកើតចេញ ពីកម្លាំងសាមគ្គីរបស់សប្បុរសជន និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានចូលរួមកសាងឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ បងប្អូនប្រជាពលរដ្ឋយើង។យ៉ាងណាមិចសមិទ្ធផលដែលកើតមានចំពោះមុខយើងនេះមិនមែន កើតឡើងដោយឯកឯងនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព យើងមានសន្តិភាព យើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។យើងទាំងអស់គ្នាក៏ត្រូវចង់ចាំនិងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំ មកនូវសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។
ក្នុងនោះដែរក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេសឱ្យមានការ អភិវឌ្ឍ និងរីកចម្រើនស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សូមអរគុណចំពោះលោកឧកញ៉ា
ភូ ពុយ ដែលបាន ចំណាយធនធានផ្ទាល់ខ្លួន ក្នុងការចូលកសាងវិស័យពុទ្ធចក្រនិងអាណាចក្រឱ្យមានការីក ចម្រើនដើម្បីបម្រើឧត្តមប្រយោជន៍ក្នុងវិស័យពុទ្ធសាសនា។ជាមួយគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនិងការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តៀង ដែលតែងតែ លះបង់ពេលវេលានិងធនធានកន្លងមក ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះ ស្រាយបញ្ហាផ្សេងៗ ពិសេស ឯកឧត្តម ប្រធានក្រុមការងារ លោកអភិបាលស្រុក សប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនឹងក្រៅខេត្ត ដែលបានផ្តល់នូវជំនឿជឿជាក់រួបរួមសាមគ្គី ក្នុងការកសាង សមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា ៕
អត្ថបទ ៖ ភិរុណ ពៅ











