
រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) នេះ បាននិយាយថា ប្រទេសរបស់លោក ឆាប់ៗ គ្រោងនឹងចាប់ផ្តើមបញ្ជូនរ៉ុក្កែតគ្មានបំពាក់អាវុធសរុបបន្ថែមប្រមាណជា ២.០០០គ្រាប់ ទៅប្រទេសអ៊ុយក្រែន ក៏ដូចជារួមបញ្ចូលអាវុធជម្រើសផ្សេងទៀតផងដែរ។
លោក Blair បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឯកទេសកាណាដា បានចំណាយពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីធានាប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃគ្រាប់រ៉ុក្កែតដែលមិនមានបំពាក់ក្បាលគ្រាប់។ ចំណែកអ្នកនាំពាក្យរបស់លោក Blair បាននិយាយដាច់ដោយឡែកពីគ្នាតាមរយៈអ៊ីម៉ែល (សារអេឡិកត្រូនិច) ថា កាណាដាពិតជាមានគម្រោងភ្លាមៗ ក្នុងការបញ្ជូនក្បាលគ្រាប់មួយចំនួនទៅអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានអ្វីលម្អិតបន្ថែមទេ។
គួរបញ្ជាក់ថា ប្រទេសកាណាដាក៏កំពុងបញ្ជូនស្ថានីយអាវុធបញ្ជាពីចម្ងាយផលិតដោយអាល្លឺម៉ង់ចំនួន ២៩ ដែលអាចភ្ជាប់ទៅនឹងរថពាសដែកជាច្រើនប្រភេទ ព្រមទាំងគ្រាប់រំសេវអាវុធធុនតូចចំនួន ១៣០.០០០គ្រាប់ផងដែរ។
គិតចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានសន្យាផ្តល់ជំនួយសរុបជាង ១៤ពាន់លានដុល្លារកាណាដា (១០,២ពាន់លានដុល្លារអាមេរិក) ដល់ទីក្រុងគីវ ក្នុងនោះរួមទាំងជំនួយយោធាចំនួន ៤ពាន់លានដុល្លារកាណាដាផងដែរ៕