
ក្រសួងការបរទេសរបស់ប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធ បានថ្កោលទោសការលុកលុយជាបន្តបន្ទាប់និងកាន់តែរីកធំ ធ្វើឡើងដោយក្រុមអ្នកតាំងលំនៅជ្រុលនិយម ចូលទៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្រោមការការពាររបស់នគរបាលអ៊ីស្រាអែល។
ដោយស្តីបន្ទោសធ្ងន់ៗពីឧប្បត្តិហេតុចុងក្រោយ ដែលបានកើតឡើងកាលពីថ្ងៃពុធ ក្រសួងការបរទេសហ្ស៊កដានី បានអធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពរបស់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល នៅខាងក្នុងបរិវេណនោះ ជាការបង្កហេតុ និងជាការរំលោភលើ ភាពបរិសុទ្ធរបស់ព្រះវិហារ។
សេចក្តីថ្លែងការណ៍បាននិយាយថា នេះបង្ហាញពីគោលនយោបាយអ៊ីស្រាអែលជាលក្ខណៈប្រព័ន្ធ ដែលមិនគោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់អ៊ីស្រាអែល។
ក្រសួង បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការអនុវត្តន៍ និងការបំពានទាំងអស់ទៅលើបរិវេណ ដោយបញ្ជាក់ពីភាពចាំបាច់នៃការគោរពសិទ្ធិអំណាចរបស់ប្រទេសហ្ស៊កដានី សម្រាប់ការគ្រប់គ្រងកិច្ចការនានា នៅក្នុងបរិវេណព្រះវិហារ Al-Aqsa ។
បរិវេណវិហារឥស្លាម Al-Aqsa ដែលជនជាតិជ្វីហ្វ ស្គាល់ថាជា Temple Mount មានសារៈសំខាន់ដ៏ពិសិដ្ឋ សម្រាប់ទាំងប្រជាជនម៉ូស្លីម និងជនជាតិជ្វីហ្វ ហើយបានក្លាយជាបញ្ហាក្តៅមួយ សម្រាប់អំពើហិង្សាដ៏បង្ហូរឈាម រវាងភាគីទាំងពីរ ជាយូរមកហើយ។
យោងតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងហ្ស៊កដានី និងអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៩៤ ប្រទេសហ្ស៊កដានី ទទួលខុសត្រូវចំពោះការត្រួតពិនិត្យបរិវេណវិហារ ដែលមានទីតាំងនៅទីក្រុងហ្សេរុយសាឡឹមខាងកើត ជាទឹកដីដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយអ៊ីស្រាអែល បន្ទាប់ពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ។