ពោធិ៍សាត់ ៖ ផ្ទះថ្មីចំនួន២៥០ខ្នង ដែលបានសាងសង់រួចរាល់ក្នុងចំណោម៦២៨ខ្នងផ្ទះ ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានប្រារព្ធពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ។
កម្មវិធីនេះ ក្រោមវត្ដមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីនាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។
គួរបញ្ជាក់ថា ពិធីប្រគល់-ទទួលផ្ទះចំនួន២៥០ខ្នងជូនអតីតយុទ្ធជនក្រីក្រនៅថ្ងៃនេះ គឺជាការផ្តល់ជូនជំហានទី២ ដែលកាលពីជំហានទី១ បានប្រគល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាពចំនួន ៥០គ្រួសាររួចមកហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕






