
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភាពខុសគ្នារបស់ប្រទេសលោកជាមួយប្រទេសនូវែលសេឡង់ មិនត្រូវក្លាយជា «ភាពច្របូកច្របល់ទេ» ដោយសន្យាថា នឹងធ្វើឲ្យពាណិជ្ជកម្ម និង «មិត្តភាព» កាន់តែខ្លាំងឡើង បន្ទាប់ពីបានជួបប្រជុំគ្នា នៅទីក្រុងវែលីងតោន (Wellington) សម្រាប់កិច្ចពិភាក្សាទ្វេភាគីដ៏កម្រ។
លោក Li កំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលបានក្លាយជាអ្នករិះគន់កាន់តែខ្លាំងឡើងចំពោះការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងប៉ាស៊ីហ្វិកខាងត្បូង។
លោក Li បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ថា៖«នេះ គឺជារឿងធម្មតាដែលយើងតែងតែមិនបានព្រមព្រៀងគ្នាទៅវិញទៅមក ទៅលើអ្វីៗគ្រប់យ៉ាងនោះ»។
«ប៉ុន្តែភាពខុសគ្នាបែបនេះ មិនគួរក្លាយជាភាពច្របូកច្របល់ ដែលរារាំងការពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងយើងទាំងពីរនោះទេ»។
លោក Luxon បាននិយាយថា លោក បានប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីបង្ហាញពីបញ្ហាសំខាន់ៗ ដូចជាការជ្រៀតជ្រែកពីបរទេស និងការកើនឡើងភាពតានតឹង នាពេលថ្មីៗនេះ នៅក្នុងសមុទ្រចិនខាងត្បូង។
«ខ្ញុំបានលើកឡើងជាមួយលោកនាយករដ្ឋមន្ត្រី Li អំពីបញ្ហាមួយចំនួន ដែលមានសារៈសំខាន់ចំពោះប្រជាជននូវែលសេឡង់ និងគុណតម្លៃរបស់យើង រួមទាំងសិទ្ធិមនុស្ស និងការជ្រៀតជ្រែកពីបរទេស»។