
ក្រិក បានបិទបណ្តោះអាសន្នទីតាំងទេសចរណ៍បុរាណដ្ឋាន Acropolis សាលារៀន និងដាក់ឲ្យប្រចាំការគ្រូពេទ្យបឋមនៅទូទាំងទីក្រុងអាតែនកាលពីថ្ងៃពុធ ស្របពេលដែលពួកគេប្រឈមរលកកម្តៅលើកដំបូងអំឡុងរដូវក្តៅនេះ ។
សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់ ៤៣អង្សាសេនៅថ្ងៃព្រហស្បតិ៍នេះ នៅតាមតំបន់ជាច្រើននៅក្នុងប្រទេសស្ថិតក្នុងតំបន់មេឌីទែរ៉ាណេមួយនេះ ដោយមានខ្យល់បក់ពីទិសខាងត្បូងនាំមកជាមួយចំហាយក្តៅ និងធូលីពីអាហ្វ្រិកខាងជើង ។
ភ្នំបុរាណដ្ឋាន Acropolis ដែលមានបុរាណដ្ឋានក្នុងចំណោមបុរាណដ្ឋានដ៏ល្បីល្បាញជាងគេបំផុតរបស់ពិភពលោករួមទាំងប្រាសាទ Parthenon ត្រូវបានបិទទ្វារ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោង ៥ល្ងាច ហើយបុគ្គលិកកាកបាទក្រហម បានចែកចាយទឹកផឹកដល់ភ្ញៀវទេសចរ ។
សាលាបឋមសិក្សា និងសាលាមតេយ្យសិក្សានៅទូទាំងប្រទេស នឹងបន្តបិទទ្វាររយៈពេល ២ថ្ងៃ ។
គួរឲ្យដឹងថា ក្រិកស្ថិតនៅក្នុងចំណោមប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតដោយសារអាកាសធាតុនៅអឺរ៉ុប ។
កាលពីឆ្នាំមុន សីតុណ្ហភាពឡើងខ្ពស់ បណ្តាលឲ្យកើតមានភ្លើងឆេះព្រៃស្លាប់មនុស្ស ហើយភ្លៀងធ្លាក់ដ៏គំហក់បណ្តាលឲ្យមានទឹកជំនន់អាក្រក់បំផុតនៅក្នុងកំណត់ត្រា ដែលគ្រោះមហន្តរាយធម្មជាតិទាំង ២នេះ បណ្តាលឲ្យខូចខាតដំណាំ និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕