
តុលាការកំពូលរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) នេះ បានប្រាប់ថា ប្រទេសហុងគ្រីនឹងត្រូវបង់ប្រាក់ពិន័យចំនួន ២០០លានអឺរ៉ូ (២១៦លានដុល្លារ) ពាក់ព័ន្ធនឹងការមិនអនុវត្តការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន នៅតាមព្រំដែនរបស់ខ្លួន។
ទីក្រុង Budapest ដែលកាលពីមុន បានបដិសេធមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការឆ្នាំ២០២០ ក៏នឹងត្រូវតម្រូវឲ្យបង់ប្រាក់ពិន័យប្រចាំថ្ងៃចំនួន ១លានអឺរ៉ូ (១,០៨លានដុល្លារ) រហូតទាល់តែប្រទេសនេះអនុវត្តវិធានការទាំងស្រុង។
នៅក្នុងសាលក្រមរបស់ខ្លួន តុលាការយុត្តិធម៌អ៊ឺរ៉ុប (ECJ) បាននិយាយថា ហុងគ្រីមិនបានចាត់វិធានការ «ដើម្បីអនុវត្តតាមសាលក្រមឆ្នាំ២០២០ ទាក់ទងនឹងសិទ្ធិរបស់អ្នកដាក់ពាក្យសុំ ដើម្បីឲ្យមានការការពារអន្តរជាតិ ក្នុងការបន្តស្នាក់នៅប្រទេសហុងគ្រី ដោយរង់ចាំការសម្រេចចុងក្រោយលើបណ្តឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងនឹងការបដិសេធនៃពាក្យសុំរបស់ពួកគេ និងការផ្លាស់ចេញ ចំពោះពលរដ្ឋប្រទេសទី៣ ដែលស្នាក់នៅដោយខុសច្បាប់»។
អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើតាមអ៊ីម៉ែល (សារអេឡិកត្រូនិច) ដើម្បីសុំការធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចរបស់ ECJ នេះ។ រដ្ឋាភិបាលធ្លាប់បានលើកហេតុផលថា សេចក្តីសម្រេចឆ្នាំ២០២០ មិនអាចដោះស្រាយតាមបាន ដោយសារខ្លួនបានបិទរួចហើយនូវអ្វី ដែលខ្លួនហៅថា «តំបន់ឆ្លងកាត់» ខណៈពេលដែលកំពុងពង្រឹងច្បាប់ ដើម្បីទប់ស្កាត់អ្នកស្នើសុំសិទ្ធិជ្រកកោន នាពេលអនាគត៕