
នាយករដ្ឋមន្រ្តីចិនលោក Li Qiang និងនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon បានធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាចំនួន ៧ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអាកាសធាតុ នាថ្ងៃព្រហស្បតិ៍នេះ អំឡុងដំណើរទស្សនកិច្ចរបស់លោក Liទៅកាន់ប្រទេសនូវែលសេឡង់ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនូវែលសេឡង់ ឆ្ពោះទៅរកការធ្វើឲ្យល្អប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំង ២ ។
លោក Li និយាយថា ចិនត្រៀមខ្លួនផងដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក៏ដូចជាវិស័យអប់រំ កសិកម្ម និងការផ្លាស់ប្តូរបទពិសោធន៍ផ្សេងទៀត ជាមួយប្រទេសនូវែលសេឡង់ ។
ក្នុងនាមជាមន្រ្តីថ្នាក់ទី ២របស់ចិន លោក Li គឺជានាយករដ្ឋមន្រ្តីលើកដំបូងគេរបស់ចិន បំពេញទស្សនកិច្ចទៅកាន់ប្រទេសនូវែលសេឡង់ ចាប់តាំងពីដំណើរទស្សនកិច្ចកាលពីឆ្នាំ ២០១៧របស់លោក Li Keqiang ។
ក្រសួងការបរទេសចិន និយាយនៅក្នុងសប្តាហ៍នេះថា លោក Li នឹងបំពេញទស្សនកិច្ចផងដែរទៅកាន់ប្រទេសអូស្រ្តាលី និងប្រទេសម៉ាឡេស៊ី ។
ដំណើរទស្សនកិច្ចរបស់លោក គាប់ជួននឹងភាពតានតឹងធូរស្រាលរវាងអូស្រ្តាលី និងចិន ក្រោយពីប្រទេសទាំង ២មានទំនាក់ទំនងជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ៕