
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសយេម៉ែន នាថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) នេះ បានអំពាវនាវឲ្យក្រុមហ៊ួធីរបស់ប្រទេសយេម៉ែនដោះលែងជាបន្ទាន់នូវបុគ្គលិករបស់អង្គការអន្តរជាតិ ដែលត្រូវបានឃុំខ្លួន ក្នុងនោះរួមទាំងបុគ្គលិកនៃស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុង Sanaa ផងដែរ។
យោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric បានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានឃាត់ខ្លួនបុគ្គលិករបស់ UN ចំនួន ១១នាក់ នៅក្នុងប្រទេសយេម៉ែន កាលពីសប្តាហ៍មុន។
នៅថ្ងៃព្រហស្បតិ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្កោលទោសការឃុំខ្លួននេះ ហើយបានហៅការឃាត់ខ្លួននោះថា ជារឿង «គួរឲ្យភ្ញាក់ផ្អើល»។ ឯកអគ្គរដ្ឋទូត លោក Steven Fagin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមហ៊ួធីជំពាក់គុណជនជាតិយេម៉ែនទាំងអស់នេះ ពោលគឺមិនមែនធ្វើការចោទប្រកាន់ដោយមិនពិត និងការដាក់ពន្ធនាគារបែបនេះនោះទេ។ ប្រជាជនយេម៉ែន សមនឹងទទួលបានភាពប្រសើរជាងអ្វី ដែលជាការកុហករបស់ក្រុមហ៊ួធី ដើម្បីពង្រឹងដល់ច្បាប់រំលោភបំពាន និងផ្ដាច់ការ»។
គួរបញ្ជាក់ថា បុគ្គលិកដែលសុទ្ធតែពលរដ្ឋយែម៉ែនទាំងអស់នេះ ត្រូវបាននាំខ្លួនយកទៅដោយមន្ត្រីចារកម្មរបស់ក្រុមប្រដាប់អាវុធហ៊ួធី នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ដែលបាននាំឲ្យមានការឃុំខ្លួនផងដែរ ចំពោះបុគ្គលិក ៣នាក់នៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក និងបុគ្គលិក ៣នាក់របស់ក្រុមសិទ្ធិមនុស្សមូលដ្ឋាន។
ក្រុម Houthis បានឃុំឃាំងបុគ្គលិកជនជាតិយេម៉ែនប្រហែល ២០នាក់នៃស្ថានទូតអាមេរិក នៅទីក្រុង Sanaa អស់រយៈពេល ៣ឆ្នាំមកហើយ។ ស្ថានទូតអាមេរិកបានផ្អាកប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីសង្គ្រាមស៊ីវិលយេម៉ែន បានផ្ទុះឡើងក្នុងឆ្នាំ២០១៤ ហើយក្រុមហ៊ួធីបានដណ្តើមកាន់កាប់រដ្ឋធានី។ បេសកកម្មរបស់អាមេរិកប្រចាំប្រទេសយេម៉ែន បច្ចុប្បន្នស្ថិតនៅក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕