
កាលពីថ្ងៃពុធនេះ គណកម្មការអឺរ៉ុប បានជូនដំណឹងទៅកាន់ក្រុមហ៊ុនផលិតរថយន្តចិនថា ពួកគេនឹងដំឡើងពន្ធរហូតដល់ ៣៨,១ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន ចាប់ពីខែកក្កដាតទៅ ដែលចំណាត់ការបែបនេះ នឹងធ្វើឲ្យកើតមានលទ្ធភាពនៃកាសងសឹកពីទីក្រុងប៉េកាំង ហើយក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ពួកគេនឹងតាមដានយ៉ាងដិតដល់ដំណើរវិវត្តន៍មួយនេះ ហើយពួកគេនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន ។
ក្រសួងពាណិជ្ជកម្មចិននិយាយថា ភាគីអឺរ៉ុប ធ្វើមិនដឹងមិនឮចំពោះការពិត និងច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក មិនអើពើនឹងការជំទាស់យ៉ាងដាច់អហង្ការម្តងហើយម្តងទៀតរបស់ចិន ព្រមទាំងមិនយកចិត្តទុកដាក់ ចំពោះការអំពាវនាវ និងការខកចិត្តរបស់រដ្ឋាភិបាល និងឧស្សាហកម្មនៃប្រទេសសមាជិកសហភាពអឺរ៉ុប(EU)ជាច្រើន ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងក្លាសម្រាប់ភាគីចិន។
គណកម្មការអឺរ៉ុបដែលគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់ EU នោះ បាននិយាយថា ពន្ធគយដែលទំនងជាកើតឡើងនៅខែកក្កដា នឹងដាក់ ១៧,៤ភាគរយ ចំពោះក្រុមហ៊ុន BYD ២០ភាគរយ ចំពោះក្រុមហ៊ុន Geely និង ៣៨,១ភាគរយ ចំពោះក្រុមហ៊ុន SAIC ។
លោក Joe Mazur គឺជាអ្នកវិភាគមកពីក្រុមហ៊ុនស្រាវជ្រាវ Trivium China បាននិយាយពីលទ្ធភាពនៃវិធានការសងសឹករបស់ចិន ហើយនិងលទ្ធភាពនៃសង្រ្គាមពាណិជ្ជកម្ម ។
លោក Mazur និយាយថា ចិនប្រហែលជាមានគោលដៅលើវិស័យអាកាសចរណ៍ និងវិស័យកសិកម្ម ។ ក្នុងវិស័យទាំង ២នេះ លោកគិតថា វិស័យកសិកម្មទំនងជាក្លាយជាគោលដៅសងសឹកជាងគេ តបតនឹងការដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិន ៕