
វិមានក្រឹមឡាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា គ្មាននរណាម្នាក់គួរឆ្ងល់សិទ្ធិរុស្ស៊ី ក្នុងការបង្កើតទំនាក់ទំនងកាន់តែជិតស្និតជាងមុនជាមួយកូរ៉េខាងជើងនោះឡើយ ហើយសក្តានុពលនៃទំនាក់ទំនងប្រទេសទាំង ២ ស៊ីជម្រៅបំផុត ។
កាសែតរុស្ស៊ី Vedomosti បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងប្រទេសវៀតណាម ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
ដោយឡែក ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបំពេញដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ដោយពួកគេលើកឡើងសម្តីរបស់មន្រ្តីជាន់ខ្ពស់មួយរូបនៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំង បដិសេធន៍មិនផ្តល់កាលបរិច្ឆេតច្បាស់លាស់នៃដំណើរទស្សនកិច្ចរបស់លោក Putin នោះឡើយ ៕