នៅទីស្នាក់ការកណ្តាល កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាចំនួន ៤០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម នេះជាការប្រគល់ថវិកាប្រចាំឆ្នាំ លើកទី១២ គិតចាប់តាំងពីឆ្នាំ២០១៤រៀងមក ដើម្បីជួយសម្រាលការលំបាកដល់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹងចំនួន ៣២៨នាក់ ដែលជាបន្ទុករបស់អង្គការ ក្រោមវត្តមានលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក បើទោះបីជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកជួបដោយផ្ទាល់ក្តី ក៏អារម្មណ៍តែងតែគិតដល់អង្គការសង្គ្រោះជនអស់សង្ឃឹម ជាពិសេសគឺចំពោះលោកស្រី ម៉ារី អិន្ស ដែលបានជួយ និងផ្តល់ភាពកក់ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង នៅក្នុងអង្គការ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្មួយៗចៅៗទាំងអស់នៅក្នុងអង្គការ ត្រូវខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង ព្រោះថានៅទីនោះក៏មានសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលមួយសម្រាប់ក្មួយៗចៅៗទាំងអស់ក្រេបយកចំណេះវិជ្ជាផងដែរ។

លោកស្រី ម៉ារី អិន្ស ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរដល់សុខភាពរបស់លោកស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិក ក្នុងអង្គការគ្រប់ពេលវេលា និងសូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាប្រចាំឆ្នាំជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម បានចំនួន១២លើក។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ផ្តល់អំណោយជាស្បៀង សម្ភារៈ និងថវិកា រួមជាមួយការរៀបចំអាហារសាមគ្គី ជូនដល់អង្គការនេះ បានចំនួន១០លើករួចមកហើយដែរ៕ អត្ថបទៈ សំ ងីម



