ម៉ូតូទឹក៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការជំរុញការហ្វឹកហាត់របស់កីឡាករឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមចែករំលែកបទពិសោធន៍ពីកីឡាករឆ្នើម សាលី អ៊ូមើត ផងដែរ ស្របពេលម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះកំពុងមានវត្តមាននៅកម្ពុជា ដើម្បីស្នើសុំទិដ្ឋាការចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិ នៅប្រទេសអ៊ីតាលីនាខែកញ្ញាខាងមុខ។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃកាលពីសប្ដាហ៍កន្លងទៅ ដោយបែងចែកជា ២ ទី១-ផ្នែកទ្រឹស្ដីសិក្សាតាមប្រព័ន្ធអនឡាញ ដោយមានការធ្វើបទបង្ហាញពីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងទី២-ការអនុវត្តផ្ទាល់នៅខេត្តព្រះសីហនុ។ គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីជំរុញ និងលើកកម្ពស់ស្មារតីកីឡាករក្នុងការហ្វឹកហាត់ជំនាញកីឡាម៉ូតូទឹក សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្ដែដោយវគ្គបណ្ដុះបណ្ដាលធ្វើឡើងក្នុងបរិបទកូវីដ-១៩ សហព័ន្ធក៏មិនភ្លេចនូវការអនុវត្តវិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំផងដែរ។

ជាមួយគ្នានោះ សាលី អ៊ូមើត បានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេស ក្នុងការហ្វឹកហាត់ឲ្យស្របតាមនិយាមបច្ចេកទេសទាំងការហ្វឹកហាត់កម្លាំង ការបញ្ជា និងការគ្រប់គ្រងម៉ូតូទឹក។ លើសពីនេះ អ៊ូមើត ក៏បានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តផ្ទាល់ នៅឈ្នេរអូឈើទាល នាខេត្តព្រះសីហនុ រួមទាំងជំរុញឲ្យកីឡាករទាំងអស់ខិតខំសិក្សាស្រាវជ្រាវតាមប្រព័ន្ធបណ្ដាញសង្គម និង Youtube ជាដើម ដើម្បីរៀនសូត្របន្ថែមពីបច្ចេកទេសក្នុងការហ្វឹកហាត់ឲ្យបានទទួលផលល្អទៀតផង។ ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់ថា ដើម្បីត្រៀមស៊ីហ្គេម សហព័ន្ធមានផែនការយុទ្ធសាស្ដ្រច្បាស់លាស់ ក្នុងការសម្រួចសមត្ថភាពកីឡាករថ្នាលបន្តវេន តាមរយៈការត្រៀមរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំ២០២១ និងការប្រកួតកីឡាជាតិលើកទី៣ នាឆ្នាំ២០២២ ដើម្បីជ្រើសរើសកីឡាករមានសមត្ថភាពត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២៣ បន្ថែមលើកីឡាករជម្រើសជាតិដែលមានស្រាប់ឲ្យបានយ៉ាងហោច ១២នាក់ដើម្បីរក្សាបាននូវឧត្តមភាពក្នុងការស្វែងរកមេដាយជូនជាតិ។
គួរដឹងថា សាលី អ៊ូមើត និងកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ៤រូបផ្សេងទៀតបានធ្វើដំណើរមកដល់កម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ដើម្បីបំពេញឯកសារឆ្លងដែន និងស្នើសុំទិដ្ឋាការទៅប្រអាល្លឺម៉ង់ ហើយបន្ដដំណើរទៅប្រទេសអ៊ីតាលីដើម្បីចូលរួមការប្រកួតអន្ដរជាតិ Grand Prix of Italy ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញាខាងមុខ។ ប៉ុន្ដែឆ្លៀតពេលក្រោយបញ្ចប់ការធ្វើចត្ដាឡីស័ក ១៤ថ្ងៃ ពួកគេក៏ឆ្លៀតពេលចូលរួមចែករំលែកបទពិសោធន៍ដល់កីឡាករ ពិសេសក្រុមម៉ូតូទឹកថ្នាលជម្រើសជាតិដែលរៀបចំដោយសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មុនចាកចេញពីប្រទេសកំណើតវិញ៕
អត្ថបទ៖ លី ឈុនឡា