ការគាំទ្រសម្រាប់ការតស៊ូប្រដាប់អាវុធដែលជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល និងសម្រេចបាននូវភាពជារដ្ឋ បានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ខណៈពេលដែលការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស ក៏បានកើនឡើងបន្តិចដែរក្នុងរយៈពេលបីខែចុងក្រោយនេះ នេះបើយោងតាមការស្ទង់មតិមួយ។

ការស្ទង់មតិដោយមជ្ឈមណ្ឌលប៉ាឡេស្ទីនសម្រាប់គោលនយោបាយ និងការស្រាវជ្រាវស្ទង់មតិ (PSR) បានបង្ហាញថា ការគាំទ្រសម្រាប់ការតស៊ូប្រដាប់អាវុធបានកើនឡើង ៨ ភាគរយដល់ចំនួន ៥៤ ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិនៅតំបន់ វេសបែង (West Bank) និងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ ការគាំទ្រសម្រាប់ក្រុមហាម៉ាស បានកើនឡើង ៦ ភាគរយដល់ចំនួន ៤០ ភាគរយ ហើយសម្រាប់ក្រុម ហ្វាតា (Fatah) ដឹកនាំដោយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសឃ្មូដ អាបាស (Mahmoud Abbas) មានការគាំទ្រ ២០ ភាគរយ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់រយៈពេលប្រហែលប្រាំបីខែ ចាប់តាំងពីសង្គ្រាមហ្កាហ្សា ចាប់ផ្តើម។ ការស្ទង់មតិបានរកឃើញថា អ្នកឆ្លើយតបចំនួនពីរភាគបី គិតថាការវាយប្រហារថ្ងៃទី០៧ ខែតុលា គឺជាការសម្រេចចិត្តត្រឹមត្រូវ ពោលគឺធ្លាក់ចុះ ៤ ភាគរយពីការស្ទង់មតិពីមុន។ ការថយចុះនេះបានមកពីអ្នកស្រុកតំបន់ហ្កាហ្សា ដែលចំនួន ៥៧ ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ការសម្រេចចិត្តនេះគឺត្រឹមត្រូវ ដោយធ្លាក់ចុះពីចំនួន ៧១ ភាគរយនៅក្នុងខែមីនា។
ការស្ទង់មតិបង្ហាញថាប្រហែល ៨០ ភាគរយនៃប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា បានបាត់បង់សាច់ញាតិ ឬមានសាច់ញាតិរងរបួសក្នុងសង្គ្រាម។ លោក វ៉ាលីដ ឡាដាវ៉េ (Walid Ladadweh) ប្រធានផ្នែកស្រាវជ្រាវស្ទង់មតិនៅមជ្ឈមណ្ឌល PSR នេះបាននិយាយថា កំណើនការគាំទ្រសម្រាប់ក្រុមហាម៉ាស និងសកម្មភាពប្រដាប់អាវុធនេះ បើទោះបីជាមិនច្រើនបើប្រៀបធៀបទៅនឹងការស្ទង់មតិមុនពិតមែន ប៉ុន្តែវាគឺជាប្រតិកម្មចំពោះការបំផ្លាញ និងការសម្លាប់របស់អ៊ីស្រាអែលនៅហ្កាហ្សា៕