ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេល ១០ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ក្នុងគោលបំណងពង្រឹងការការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី និងធ្វើឱ្យអ៊ុយក្រែន កាន់តែខិតទៅជិតសមាជិកភាពរបស់សម្ព័ន្ធយោធាណាតូ។

ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្រៅកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអ៊ីតាលីនេះ មានគោលបំណងបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកនាពេលអនាគតដើម្បីគាំទ្រអ៊ុយក្រែន បើទោះបីជាលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះក៏ដោយ។

លោក បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ៊្សេឡិនស្គី ថា «គោលដៅរបស់អាមេរិក គឺដើម្បីពង្រឹងសមត្ថភាពការពារ និងទប់ស្កាត់ដ៏គួរឱ្យទុកចិត្តរបស់អ៊ុយក្រែន ក្នុងរយៈពេលវែង»។ លោកបន្ថែមថា សាររបស់ G7 ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គឺថា «អ្នកមិនអាចបំបែកបំបាក់ពួកយើងបានទេ»។
កិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែន នេះគឺជាក្របខ័ណ្ឌមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីជួយអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងបម្រើជាជំហានឆ្ពោះទៅរកលទ្ធភាពនៃសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែន នេះបើយោងតាមអត្ថបទនៃកិច្ចព្រមព្រៀងនោះ។
ប្រធានាធិបតីអ៊ុយក្រែន បានហៅវាថាជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ដោយនិយាយថានោះជាស្ពានឆ្ពោះទៅកាន់សមាជិកភាពណាតូ នៅទីបំផុតរបស់ប្រទេសលោក។ លោក Zelenskiy បានស្វះស្វែងរកសមាជិកភាពរបស់អង្គការណាតូជាយូរមកហើយ ប៉ុន្តែសម្ព័ន្ធមិត្តបានស្ទាក់ស្ទើក្នុងការទទួលយកជំហាននោះ៕
