ក្រសួងកសិកម្មរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ថា សីតុណ្ហភាពកើនឡើងខ្លាំង និងគ្រោះរាំងស្ងួតនៅក្នុងផ្នែកខ្លះនៃប្រទេសចិន កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការដាំដុះនៅរដូវក្តៅ។

សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃប្រទេសចិន ត្រូវបានគេព្យាករថានឹងកើនឡើងខ្ពស់បំផុតក្នុងសប្តាហ៍នេះ ដែលជំរុញឱ្យមានការជូនដំណឹង និងការចាត់វិធានការពីអាជ្ញាធរដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យកសិកម្ម និងការផ្គត់ផ្គង់ទឹក និងថាមពល ខណៈដែលបណ្តាប្រទេសនៅទូទាំងអាស៊ីក៏ត្រៀមខ្លួនសម្រាប់រដូវក្តៅដ៏ធ្ងន់ធ្ងរមួយផ្សេងទៀតផងដែរ។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា នៅតំបន់ខ្លះនៃខេត្តដាំស្រូវសាលី ហឺប៉ី (Hebei) ហឺណាន (Henan) និងសានទុង (Shandong) សីតុណ្ហភាពអាចឡើងដល់ ៤៤ អង្សាសេ ដែលជាលទ្ធភាពនៃកម្រិតបំបែកកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ខែមិថុនា។
ក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សីតុណ្ហភាពខ្ពស់បានបង្កើនល្បឿនដែលធ្វើឱ្យដីបាត់បង់សំណើម។ ក្រសួងបានបន្ថែមថា ខ្លួនបានបញ្ជូនក្រុមការងារជាច្រើនទៅកាន់ខេត្តចំនួនប្រាំពីរ ដើម្បីផ្តល់ការណែនាំក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត រួមទាំងខេត្ត សានទុង ជាទីដែលការប្រមូលផលស្រូវសាលីកំពុងដំណើរការ៕
