ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា បានទាមទារឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បញ្ឈប់ការហ៊ុមព័ទ្ធទីក្រុង al-Fashir ជាទីក្រុងដែលមានប្រជាជន ១,៨លាននាក់ នៅក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ និងបញ្ចប់ជាបន្ទាន់ការប្រយុទ្ធនៅក្នុង តំបន់នោះ។

ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បានអនុម័តសេចក្តីសម្រេចព្រាងដោយចក្រភពអង់គ្លេស ដែលអំពាវនាវឱ្យដកក្រុមអ្នកប្រយុទ្ធទាំងអស់ ដែលគំរាមកំហែងដល់សុវត្ថិភាពនិងសន្តិសុខ របស់ជនស៊ីវិល នៅក្នុងទីក្រុង al-Fashir ជាទីក្រុងធំចុងក្រោយនៅក្នុងតំបន់ Darfur ភាគខាងលិចដ៏ធំទូលាយ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF)។ លោក Barbara Woodward ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ការវាយប្រហារលើទីក្រុងនេះនឹងក្លាយជាមហន្តរាយ។ ក្រុមប្រឹក្សា ត្រូវបញ្ជូនសញ្ញាដ៏រឹងមាំ ទៅដល់ភាគីជម្លោះនៅថ្ងៃនេះ ព្រោះជម្លោះដ៏បង្ហូរឈាម និងអយុត្តិធម៌នេះ ត្រូវតែបញ្ចប់។

សង្គ្រាម បានផ្ទុះឡើងក្នុងប្រទេសស៊ូដង់កាលពីខែមេសា ឆ្នាំមុន រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនច្រើនបំផុតរបស់ពិភពលោក។
ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឱ្យភាគីសង្រ្គាម អនុញ្ញាតឱ្យជនស៊ីវិលធ្វើដំណើរទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ នៅក្នុង និងខាងក្រៅទីក្រុង al-Fashir ហើយក្រុមប្រឹក្សាសន្តិសុខ បានជំរុញឱ្យបណ្តាប្រទេសនានា បញ្ចៀសការជ្រៀតជ្រែកពីខាងក្រៅដែលស្វែងរកការបង្កជម្លោះ និងអស្ថិរភាព។
ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានពិពណ៌នាថា វាជាការចោទប្រកាន់ «គួរឱ្យទុកចិត្ត» ដែលប្រទេសអារ៉ាប់រួម បានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងគាំទ្ររហ័ស(RSF) ប៉ុន្តែប្រទេសអារ៉ាប់រួម បានបដិសេធ។
អង្គការសហប្រជាជាតិ បាននិយាយថាមនុស្សជិត២៥លាននាក់ ដែលជាចំនួនពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយហើយប្រហែល៨ លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
