ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរួមបញ្ចូលក្រុមហ៊ុន និងបុគ្គលរបស់ចិន ដែលសហរដ្ឋអាមេរិកអះអាងថាកំពុងផ្គត់ផ្គង់ទំនិញដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅក្នុងការដាក់ទណ្ឌកម្មថ្មីរបស់ខ្លួន។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយកំណត់បុគ្គល និងអង្គភាពជាង ៣០០ ជាគោលដៅដាក់ទណ្ឌកម្មថ្មី។ សហរដ្ឋអាមេរិកបាននិយាយថា គោលដៅទាំងនោះរួមមានបុគ្គល និងអង្គភាពនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាផ្តល់ឱ្យទីក្រុងមូស្គូ នូវទំនិញដែលអាចបំប្លែងទៅជាការប្រើប្រាស់យោធា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានថ្កោលទោសទង្វើរបស់សហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា)។ លោក លីន បានលើកឡើងថា សកម្មភាពពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ី មិនគួរទទួលរងការជ្រៀតជ្រែក ឬការបំផ្លិចបំផ្លាញឡើយ។ លោកបានទាមទារឱ្យអាមេរិកផ្អាកទណ្ឌកម្មរបស់ខ្លួនជាបន្ទាន់ ហើយចង្អុលបង្ហាញពីវិធានការតបតដែលអាចកើតមាន។
បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ក៏បានចែករំលែកការព្រួយបារម្ភរបស់ពួកគេជុំវិញជំនួយយោធារបស់ចិន ដល់រុស្ស៊ី នៅក្នុងកិច្ចពិភាក្សាកំពូល ដែលបានបើកនៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍៕
