ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ថា លទ្ធិប្រជាធិបតេយ្យគឺកំពុងតែស្ថិតក្នុងហានិភ័យ ដោយលើកឡើងពីកំណើននៃការគាំទ្ររបស់ក្រុមស្តាំនិយមជ្រុលនៅក្នុងសភាអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតកាលពីចុងសប្តាហ៍មុន។

ប្រមុខរដ្ឋរូបនេះបានប្រាប់អ្នកសារព័ត៌មាននៅមុនព្រឹត្តិការណ៏អង្គការពលកម្មអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «លទ្ធិប្រជាធិបតេយ្យកំពុងតែមានបញ្ហា និងកំពុងមានហានិភ័យ»។ មេដឹកនាំឆ្វេងនិយមរូបនេះបន្តថា៖ «ក្រុមស្ដាំនិយមជ្រុលជំទាស់និយមន័យនៃស្ថាប័ននយោបាយ តុលាការកំពូល រួមទាំងសភា»។

លោក លូឡា ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅសប្តាហ៍នេះ នៅប្រទេសអ៊ីតាលី បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយលោកស្រីនាយករដ្ឋមន្ត្រី ជីអូចា មេឡូនី (Giorgia Meloni) បានបន្ថែមថា អ្នកដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យត្រូវតែតស៊ូដើម្បីរក្សាលទ្ធិនេះឱ្យគង់វង្សនៅគ្រប់ទីកន្លែងក្នុងពិភពលោក។
ទោះបីជាមានកំណើននៃការគាំទ្រលើក្រុមស្តាំនិយមជ្រុលនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ជាពិសេសនៅប្រទេសបារាំង និងអាល្លឺម៉ង់ក៏ដោយ ក៏ក្រុមកណ្តាលនិយមរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុលឡា វ៉ុនដឺលេយ៉េន (Ursula von der Leyen) បានឈ្នះអាសនៈភាគច្រើន ហើយបានចាប់ផ្តើមព្យាយាមប្រមូលផ្តុំក្រុមចម្រុះកាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕
