មេដឹកនាំក្រុមប្រទេស G7 បានបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ប្រទេសចិន នៅថ្ងៃសុក្រ នេះ ជាថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី ដោយផ្តោតលើវិធីការពារឧស្សាហកម្ម ខណៈបញ្ជៀសសង្រ្គាមពាណិជ្ជកម្មទាំងស្រុងជាមួយទីក្រុងប៉េកាំង។

ពាណិជ្ជកម្ម ដោយស្មើភាពជាមួយប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ជាពិសេសលើបច្ចេកវិទ្យាបៃតង នឹងត្រូវបានពិភាក្សាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងចក្រភពអង់គ្លេស។

ក្រុមប្រទេសG7 ក៏នឹងកំពុងស្វែងរកការឆ្លើយតបរួមគ្នា ចំពោះការគាំទ្ររបស់ប្រទេសចិន ដែលត្រូវបានចោទប្រកាន់ចំពោះការពង្រីកយោធារបស់រុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន និយាយថាកំពុងបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែន។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងប្រទេសលោកខាងលិចកាន់តែតានតឹង ដែលត្រូវបានលើកជាឧទាហរណ៍ដោយសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ នៃផែនការដាក់ពន្ធថ្មីលើយានយន្តអគ្គិសនីរបស់ប្រទេសចិន។
សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ដែលចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ជាដៃគូទីប្រាំបីមិនផ្លូវការ បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលហៅថា «ឧស្សាហកម្មលើសសមត្ថភាព របស់ប្រទេសចិន»។