ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ថា ខ្លួនបានកោះហៅប្រមុខការទូតអ៊ីរ៉ាក់នៅទីក្រុងស្តុកហូម ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសប្រហារជីវិតដែលដាក់ទៅឱ្យពលរដ្ឋស៊ុយអែតម្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។

ក្រសួងការបរទេសបាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ពលរដ្ឋស៊ុយអែតម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ហើយខ្លួនក៏បានទទួលព័ត៌មានថា ពលរដ្ឋស៊ុយអែតម្នាក់ ឬពីរនាក់ផ្សេងទៀតត្រូវបានកាត់ទោសដូចគ្នានេះ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបៀស ប៊ីលស្រ្តម (Tobias Billstrom) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រមុខការទុតរបស់អ៊ីរ៉ាក់ត្រូវបានកោះហៅជាបន្ទាន់ទៅកាន់ក្រសួងការបរទេសនៅថ្ងៃនេះ ហើយនៅក្នុងកិច្ចប្រជុំនោះ ស៊ុយអែតបានតវ៉ាប្រឆាំងនឹងការកាត់ទោសប្រហារជីវិតដល់ពលរដ្ឋស៊ុយអែតនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយទាមទារឱ្យការកាត់ទោសនោះមិនត្រូវបានអនុវត្ត»។

លោក ប៊ីលស្រ្តម បាននិយាយថា ស៊ុយអែតប្រឆាំងនឹងការកាត់ទោសប្រហារជីវិត «ជានិច្ច គ្រប់ទីកន្លែង និងដោយមិនគិតពីកាលៈទេសៈ»។ ក្រសួងការបរទេសនេះមិនបានផ្តល់ព័ត៌មានបន្ថែមជុំវិញបញ្ហានេះទេ។ សារព័ត៌មាន ដេលី អាហ្វថុនប្លាដេត (Daily Aftonbladet) បានរាយការណ៍ថា បុរសពលរដ្ឋស៊ុយអែតទាំងនោះត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់ពលរដ្ឋស៊ុយអែតម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីខែមករា៕
