ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្ខំឲ្យកម្មវីធីជួញដូរហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងមូស្គូ បញ្ឈប់ប្រតិបត្តិការប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយបង្កើនតម្លៃនៃសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។

ការកើនឡើងយ៉ាងខ្លាំងនៃការដាក់ទណ្ឌកម្មដោយក្រសួងរតនាគារ បានជំរុញឲ្យអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev ដែលបច្ចុប្បន្នជាមន្ត្រីសន្តិសុខជាន់ខ្ពស់ អំពាវនាវដល់ប្រជាជន «បង្កគ្រោះថ្នាក់ជាអតិបរមា»ទៅលើសង្គមលោកខាងលិច និងហេដ្ឋារចនាសម្ព័ន្ធ ជាការសងសឹក។ ទន្ទឹមនឹងនេះដែរ ធនាគារ និងឈ្មួញកណ្តាលឈានមុខគេជាច្រើនរបស់រុស្ស៊ី បានបិទការចូលដំណើរការទៅកាន់គណនីរូបិយប័ណ្ណ កាលពីថ្ងៃព្រហស្បតិ៍។

ទណ្ឌកម្មថ្មីដែលប្រកាសដោយក្រសួងរតនាគារកាលពីថ្ងៃពុធ បានធ្វើឲ្យប៉ះពាល់ផ្សារហ៊ុនទីក្រុងមូស្គូ ដែលជាទីផ្សារហិរញ្ញវត្ថុដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការជួយប្រជាជនរុស្ស៊ី រក«ប្រាក់ចំណេញពីយន្តការ សង្គ្រាមរបស់វិមានក្រឹមឡាំង» និងពង្រីកហានិភ័យនៃទណ្ឌកម្មបន្ទាប់បន្សំសម្រាប់ស្ថាប័នហិរញ្ញវត្ថុបរទេស ដែលធ្វើអាជីវកម្ម ជាមួយនឹងសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី។
ផ្សារហ៊ុនទីក្រុងមូស្គូ ប្រតិបត្តិការទីផ្សារជួញដូរក្នុងភាគហ៊ុន មូលបត្របំណុល ផលិតផល រូបិយប័ណ្ណ និងលោហៈដ៏មានតម្លៃ។