សៀមរាប ៖ សាធារណរដ្ឋអៀរឡង់ផ្តល់ជំនួយឥតសំណង ចំនួន៨០០,០០០អ៊ឺរ៉ូសម្រាប់ឆ្នាំ២០២៤នេះលើសកម្មភាពកម្ចាត់មីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅក្នុងព្រះ រាជាណាចក្រកម្ពុជាជាបន្តទៀត។ ខណះក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ប្រទេសអៀរឡង់ បានចូលរួមផ្ដល់ថវិកាចំនួន៤.៧លានអ៊ឺរ៉ូ មកហើយសម្រាប់ការងាររបស់អង្គការហេឡូត្រាស្តនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការហេឡូត្រាស្តកម្ពុជានៅខេត្តសៀមរាបដែលចេញផ្សាយឲ្យដឹងថានៅថ្ងៃនេះលោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអៀរឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Niall Tierney នាយកកម្មវិធីសកលនៃជំនួយសាធារណរដ្ឋអៀរឡង់ បានជួបជាមួយក្រុមការងាររបស់អង្គការហេឡូត្រាស្តកម្ពុជានៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីប្រសិទ្ធភាពនៃជំនួយគាំទ្ររបស់សាធារណរដ្ឋអៀរឡង់សម្រាប់សកម្មភាពមីនមនុស្សធម៌ និងប្រគល់ឧបករណ៍បោសសម្អាតមីនដែលបានផ្តល់ដោយអៀរឡង់ដល់ក្រុម ការងារបោសសម្អាតមីន។
ហេឡូត្រាស្ដ ជាអង្គការអន្តរជាតិត្រូវបានទទួលស្គាល់ជា សកល ដែលមានបទពិសោធក្នុងការងារបោសសម្អាតមីនមនុស្សធម៌ជាច្រើនទស្សវត្សរ៍ នឹងប្រើប្រាស់ជំនួយរបស់អៀរឡង់នេះ ក្នុងការដាក់ពង្រាយកម្លាំងបោសសម្អាតមីនចំនួន ៧ក្រុម ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់(EOD) ១ក្រុម និងក្រុមអប់រំមីន និងគ្រាប់ (EORE) ១ក្រុម។
ក្នុងរយៈពេល ៣ទស្សវត្សរ៍ បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពកម្ចាត់មីន កម្ពុជានៅតែបន្តប្រឈមមុខធំធេងនឹងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ ១៩៧៩មក បុរស ស្ត្រី និងកុមារកម្ពុជាជាង ៦៥,០០០នាក់ ត្រូវបានស្លាប់ ឬរងរបួសយ៉ាងធ្ងន់ធ្ងរពីគ្រោះថ្នាក់ដោយសារមីននឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ។ ចំនួនអ្នកស្លាប់ និងរបួសបានថយចុះយ៉ាងខ្លាំង(ពី ២០៦៩ នាក់ក្នុងឆ្នាំ១៩៩៣ មកនៅក្រោម៣០នាក់ ក្នុងឆ្នាំ ២០២៣) ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការងារសកម្មភាពមីន ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ ។
លោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអៀរឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងភាពជាដៃគូជាមួយអង្គការនានាដូចជាអង្គការហេឡូត្រាស្ត ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ក្នុងការប្រគល់ជូនឧបករណ៍ដែលឧបត្ថម្ភដោយស្ថានទូតអៀរ ឡង់នោះ លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា“ចាប់តាំងពីឆ្នាំ ១៩៩៤ មក ជំនួយអៀរឡង់ បានជួយគាំទ្រដល់កម្មវិធីបោសសម្អាតមីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅប្រទេសកម្ពុជា។ យើងមានមោទនភាពក្រៃលែង ដែលក្រុមការងារទទួលជំនួយពីសាធារណៈរដ្ឋអៀរឡង់បានបោសសម្អាតមីនចំនួន ៣១,៣៤៣គ្រាប់ ក្នុងភូមិចំនួន ៣៦១ភូមិ និងប្រគល់ដីសុវត្ថិភាពជាង ៣,៦៨៤ហិកតា ជូនសហគមន៍វិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្ដល់ជំនួយនេះមានផលវិជ្ជមានពិតប្រាកដសម្រាប់សហគមន៍នាពេលបច្ចុប្បន្ន ហើយក៏ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជំនាន់ក្រោយផងដែរ”។
លោក Niall Tierney នាយកកម្មវិធីសកលរបស់ជំនួយមនុស្សធម៌អៀរឡង់បានគូសបញ្ជាក់ថា “ការរំសាយសព្វា វុធ គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់អៀរឡង់។ សាធារណរដ្ឋអៀរឡង់បន្តដើរតួនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការរំសាយសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ការងាររបស់យើងជាមួយអង្គការហេឡូត្រាស្តកម្ពុជា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសកលនេះ។“
លោក Miles Hawthorn នាយកកម្មវិធីអង្គការហេឡូត្រាស្តប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់សាធារណរដ្ឋអៀរឡង់សម្រាប់ជំនួយគាំទ្រក្នុងឆ្នាំ ២០២៤ នេះ។ លោកមានប្រសាសន៍ថា "ជំនួយគាំទ្រពីសាធារណរដ្ឋអៀរឡង់នឹងរួមចំណែកដល់យុទ្ធសាស្ត្រគ្មានមីនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជួយជំរុញយើងទាំងអស់គ្នាឱ្យខិតកាន់តែជិតនៃការស្តារឡើង វិញ"៕ អត្ថបទ ៖ ភារម្យ





