លោក ឆយ យ៉ុងសុក គ្រូជម្រើសជាតិ តេក្វាន់ដូ WT កម្ពុជា បានបញ្ជាក់ថា សហព័ន្ធនឹង យកកម្មវិធី ការប្រកួត Korean Ambassador’s Cup Taekwondo Competition 2024 ជាដើមទុនបង្កើនធនធានកីឡាករសម្រាប់ការប្រកួតកីឡាយុជនអាស៊ីនាពេលខាងមុខ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងការ បិទបញ្ចប់ការប្រកួតជ្រើសរើសកីឡាករ កីឡាការនីឆ្មើម កាលពីម្សិលមិញនេះ លោកគ្រូជនជាតិកូរ៉េរូបនេះ បានឲ្យដឹងបន្ថែមថា តាមការកត់សម្គាល់របស់ខេមរៈសហព័ន្ធតេក្វាន់ដូ WT មើលឃើញថា ឆ្នាំនេះសន្ទុះនៃការចូលរួមរបស់ក្មេងៗ និងយុវជន មានការកើនឡើង ដែលជាផលវិជ្ជមានមួយក្នុងការត្រៀមខ្លួនឲ្យបានកាន់តែល្អសម្រាប់ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនជើងឯកអាស៊ីនាពេលខាងមុខ។

ជាមួយគ្នានោះកញ្ញា Kang Yesong តំណាងមកពីខាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជាបានលើកឡើងថា ចំពោះកម្មវិធីនេះគឺស្ថានទូតតែងតែយកចិត្តទុកដាក់ជួយដល់សហព័ន្ធជានិច្ច បើគិតមកដល់ពេលនេះគឺមានរយៈពេល១០ឆ្នាំមកហើយក្នុងការចូលរួមឧបត្ថម្ភគាំទ្រ។ តាមរយៈការរៀបចំកម្មវិធីនេះកញ្ញាជឿថា នឹងអាចជួយឲ្យកីឡាករកម្ពុជាជំនាន់ក្រោយ ស្រលាញ់វិស័យកីឡាតេក្វាន់ដូWTកាន់តែខ្លាំង ជាពិសេសនោះ ដើម្បីអាចសាងយុវជនស្រករក្រោយ អាចមានឱកាសបង្ហាញនូវសមត្ថភាពក្នុងគោលដៅសម្រេចក្ដីស្រមៃបានក្លាយជាកីឡាករជម្រើសជាតិតេក្វាន់ដូនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា ការប្រកួត 2024 Korean Ambassador’s Cup Taekwondo Competition គឺមានប្រតិភគ្រូបង្វឹក៣៤នាក់កីឡាករ១៤០ និងកីឡាការិនី ១២២ ដោយក្នុងនោះមកពីតាមបណ្ដាក្លិប និងសាលា គ្រឹះស្ថានសិក្សាសរុបចំនួន ២២ ដោយធ្វើការប្រកួតចំនួន១ថ្ងៃពេញគឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅអាគារប៊ូយុងរបស់ខេមរៈសហព័ន្ធតេក្វាន់ដូ WT ក្នុងបរិវេណពហុកីឡដ្ខានជាតិអូឡាំពិច ៕






