
កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងបន្តប្រតិបត្តិការដែលរងការរិះគន់ពីអន្តរជាតិ នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ និងរងរបួស ត្រូវបានរាយការណ៍ម្តងទៀត កាលពីថ្ងៃពុធ។
កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពការពារអ៊ីស្រាអែល ( IDF) បានធ្វើការវាយឆ្មក់ទៅលើគោលដៅក្នុងតំបន់ ទីតាំងអាវុធ និងបានសម្លាប់ភេរវករជាច្រើននាក់ នៅក្នុងការប្រយុទ្ធគ្នា។
ការប្រយុទ្ធគ្នា ក៏បានបន្តនៅភាគកណ្តាលនៃតំបន់ឆ្នេរនេះ។ យោងតាមសេចក្តីថ្លែងការណ៍នោះ ប្រជាជនក៏ត្រូវបានសម្លាប់ នៅទីនោះផងដែរ ហើយកងទ័ព បាន«សម្លាប់ »ភេរវករជាង ១០នាក់។
កងទ័ព បាននិយាយថា ក្នុងនោះ មានជនជាតិប៉ាឡេស្ទីនម្នាក់ បានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន។
កងទ័ព បានបន្ថែមថា កាលពីថ្ងៃពុធ «គោលដៅភេរវករ ៤៥ កន្លែងនៅទូទាំងតំបន់ហ្កាហ្សា» ត្រូវបានវាយប្រហារពីលើអាកាស។ គោលដៅរួមមានក្រុមប្រដាប់អាវុធ ផ្លូវរូងក្រោមដី និងជើងទម្របាញ់គ្រាប់រ៉ុក្កែត។
គ្មានការអះអាងរបស់យោធាណាមួយ អាចត្រូវបានផ្ទៀងផ្ទាត់ ដោយឯករាជ្យពីដំបូងឡើយ។
សង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវបានបង្កឡើងដោយការសម្លាប់រង្គាលដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ដោយមានអ្នកស្លាប់ជាង ១.២០០នាក់ ដែលធ្វើឡើងដោយភេរវករមកពីក្រុមហាម៉ាស និងក្រុមជ្រុលនិយមផ្សេងទៀត ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន។