
របាយការណ៍ច្បាប់ថ្មីមួយ បានអះអាងថា កងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកលើចំណុចចែកចាយស្បៀងអាហារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាផ្នែកមួយនៃផែនការចេតនា ក្នុងការបង្អត់អាហារដល់ជនស៊ីវិល ក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅទីក្រុងម៉ារីប៉ូល (Mariupol)។
ក្រុមសម្របសម្រួលសិទ្ធិសកល ជាមូលនិធិផ្នែកច្បាប់អន្តរជាតិ ដែលធ្វើការរួមគ្នាជាមួយរដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី គួរតែត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនៃការបង្អត់អាហារជន ស៊ីវិល បន្ទាប់ពីការត្រួតពិនិត្យរយៈពេលមួយឆ្នាំនៃភ័ស្តុតាងប្រភពបើកចំហ បានបង្ហាញឲ្យឃើញនូវ«ការកំណត់ដោយចេតនា»នៃការប្រើប្រាស់យុទ្ធសាស្ត្របង្អត់អាហារ ក្នុងអំឡុងពេលការឡោមព័ទ្ធរយៈពេល ៨៥ថ្ងៃ។
របាយការណ៍ដែលមានកម្រាស់ ៧៦ទំព័រ ដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះ នឹងត្រូវដាក់ជូនទៅរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជាផ្នែកនៃឯកសារទូលំទូលាយនៃភ័ស្តុតាងឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រមូលផ្តុំដោយអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន។
ការកាន់កាប់កំពង់ផែសមុទ្រ Azov នៃទីក្រុងម៉ារីប៉ូល គឺជាគោលបំណងចម្បងមួយនៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២។
កងកម្លាំងរុស្ស៊ី បានឡោមព័ទ្ធទីក្រុងនេះ ក្នុងសប្តាហ៍ដំបូងនៃការលុកលុយ។ ការឡោមព័ទ្ធជាបន្តបន្ទាប់ និងការប្រយុទ្ធគ្នានៅទីក្រុង បានបញ្ចប់ នៅពេលដែលអ្នកការពារអ៊ុយក្រែនចុងក្រោយនៅរោងចក្រដែកថែប Azovstal បានចុះចាញ់ នៅថ្ងៃទី២០ ខែឧសភា។