
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគូឡាឡាំពួ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រគល់ទឹកប្រាក់ចំនួន ១៥៦លានដុល្លារទៅឲ្យប្រទេសម៉ាឡេស៊ីវិញ ក្នុងទ្រព្យសម្បត្តិដែលប្រមូលយកបានពីការជាប់ពាក់ព័ន្ធជាមួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) ដែលត្រូវបានវាយប្រហារដោយរឿងអាស្រូវ ដោយរហូតមកដល់ពេលនេះ ការប្រគល់ត្រឡប់នេះមានចំនួនសរុប ១,៤ពាន់លានដុល្លារអាមេរិកហើយ។
មូលនិធិដែលប្រមូលបាននោះ កំពុងត្រូវបានប្រគល់ត្រឡប់វិញ បន្ទាប់ពីមានការយល់ព្រមពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ចំពោះញត្តិសុំអនុគ្រោះដែលដាក់ជូនដោយរដ្ឋាភិបាលម៉ាឡេស៊ី។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) ស្ថានទូតអាមេរិក បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរអាមេរិកបានប្រមូលបានមកវិញ និងបានប្រគល់ត្រឡប់ទៅឲ្យប្រទេសម៉ាឡេស៊ីវិញនូវមូលនិធិប្រហែល ១,៤ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបន្លំយកពីមូលនិធិ 1MDB។
ពាក់ព័ន្ធនឹងការប្រគល់នេះ ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
អ្នកស៊ើបអង្កេតរបស់ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា ទឹកប្រាក់ ៤,៥ពាន់លានដុល្លារត្រូវបានលួចដកចេញពីមូលនិធិអភិវឌ្ឍន៍របស់រដ្ឋ 1MDB បន្ទាប់ពីការចាប់ផ្តើមរបស់មូលនិធិនេះ ក្នុងឆ្នាំ២០០៩ ដោយមានជាប់ពាក់ព័ន្ធជាមួយនឹងអតីតនាយករដ្ឋមន្ត្រី លោក Najib Razak បុគ្គលិករបស់ក្រុមហ៊ុន Goldman Sachs និងបណ្ដាមន្ត្រីជាន់ខ្ពស់ នៅស្ថាប័នផ្សេងៗទៀត៕